សមត្ថកិច្ច​ឃាត់ខ្លួន​ឃាតកបាន​ហើយ ដែល​សម្លាប់​មន្ត្រី​រដ្ឋបាល​ព្រៃឈើ​នៅ​ឃុំ​ប្រ​ម៉ោ​យ​ ស្រុក​វាល​វែង​

ពោធិ៍សាត់​​ ៖​ នៅថ្ងៃ​ទី​១៣​ ខែវិច្ឆិកា​ ឆ្នាំ​២០២១​នេះ​ សមត្ថកិច្ច​នគរបាល​ខេត្តពោធិ៍សាត់​ បាន​បំបែកសំណុំរឿង​ ករណី​បុរស​ម្នាក់​ ដែល​ជា​មន្ត្រី​រដ្ឋបាល​ព្រៃឈើ​ប្រ​ម៉ោ​យ​ ស្រុក​វាល​វែង​ ខេត្តពោធិ៍សាត់​ ត្រូវ​បាន​ឃាតក​ប្លន់​សម្លាប់​ ដោយ​កាប់​ ៧​កាំបិត​ បណ្តាល​ឱ្យ​ស្លាប់​ក្នុង​ថ្លុកឈាម​ រួច​យក​សម្ភារ​មួយ​ចំនួន​ធំ​ គេចខ្លួន​បាត់​ស្រមោល​។​

គួរ​រំលឹក​ថា​ បុរស​ម្នាក់​ដែល​គេ​ស្គាល់​ថា​ ជា​មន្ត្រី​រដ្ឋបាល​ព្រៃឈើ​ប្រ​ម៉ោ​យ​ ឈ្មោះ​ សេង​ វិសាល​ ភេទ​ប្រុស​ អាយុ​៥២​ឆ្នាំ​ មាន​ទីលំនៅ​ភូមិ​ពាល​ញែក​១​ សង្កាត់​ផ្ទះ​ព្រៃ​ ក្រុង​ពោធិ៍សាត់​ ត្រូវ​បាន​ជនសង្ស័យ​ឈ្មោះ​ រឿ​ន​ រ៉ូ​ ភេទ​ប្រុស​ អាយុ​១៥​ឆ្នាំ​ ជា​ឈ្មួ​ល​រស់នៅ​ធ្វើការ​ជាមួយ​ជន​រង​គ្រោះ​ មាន​ទីលំនៅ​ភូមិ​ស្ទឹងតូច​ សង្កាត់​រលាប​ ក្រុង​ពោធិ៍សាត់​ ខេត្តពោធិ៍សាត់​ បាន​យក​កាំបិត​ផ្គាក់​កាប់​ទៅ​លើ​ជន​រង​គ្រោះ​ កាលពី​ថ្ងៃ​ទី​០៩​ ខែវិច្ឆិកា​ ឆ្នាំ​២០២១​ ចំ​ក​ ថ្គាម​ ស្មា​ខាងឆ្វេង​ ចំនួន​ ​៧​កាំបិត​ បណ្តាល​ឱ្យ​ស្លាប់​នៅ​ហ្នឹង​កន្លែង​ (​ក្នុង​បន្ទប់​លើ​គ្រែ​)​ នៅ​ស្នាក់​ការ​រដ្ឋបាល​ព្រៃឈើ​ប្រ​ម៉ោ​យ​ ត្រង់​ចំណុច​ទួល​គ្រួ​ស​ ស្ថិត​ក្នុងភូមិ​ស្ទឹង​ថ្មី​ ឃុំ​ប្រ​ម៉ោ​យ​ ស្រុក​វាល​វែង​ ខេត្តពោធិ៍សាត់​។​ បន្ទាប់​ពី​ធ្វើ​សកម្មភាព​រួច​ ជនសង្ស័យ​បាន​ប្រមែ​ល​ប្រមូល​សម្ភារៈ​ ដែល​ក្នុង​នោះ​រួម​មាន​ ​៖​ ម៉ូតូ​ឌ្រី​ម​ សេ​១២៥​ ស៊េរី​២០១៩​ ព័ណ៌​ខ្មៅ​ មួយ​គ្រឿង​ ពាក់​ស្លាក​លេខ​ ពោធិ៍សាត់​ 1I-9761,​ ទូរស័ព្ទ​ដៃ​អាយ​ហ្វូ​ន​ ០៣​គ្រឿង​ និង​ចិញ្ចៀនពេជ្រ​ ០១​វង់​ រត់គេច​ខ្លួន​បាត់​ស្រមោល​។​

ក្រោម​កិច្ច​ខិតខំ​ប្រឹងប្រែង​ របស់​សមត្ថកិច្ច​នគរបាល​ខេត្តពោធិ៍សាត់​ ដែល​ដឹកនាំ​ដោយ​លោក​ឧត្តមសេនីយ៍ត្រី​ ម៉ូ​ លី​ដា​ ស្នងការ​រង​ទទួល​ផែន​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​ បាន​បំបែកសំណុំរឿង​ និង​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ នា​វេលា​ម៉ោង​ ​០៩​ និង​៤០​នាទី​ព្រឹក​ ថ្ងៃ​ទី​១៣​ ខែវិច្ឆិកា​ ឆ្នាំ​២០២១​នេះ​ នៅ​វត្ត​កែវ​ឧត្តម​ ហៅ​វត្ត​កណ្តាល​ ស្ថិត​ក្នុងភូមិ​គល់​ទទឹង​ ឃុំ​ស​ន្ទ្រែ​ ស្រុក​ភ្នំក្រវាញ​ ខេត្តពោធិ៍សាត់​។​

បច្ចុប្បន្ន​ ​សមត្ថកិច្ច​ បាន​នឹង​កំពុង​នាំ​ខ្លួន​ជនសង្ស័យ​ ដើម្បី​ធ្វើការ​សាកសួរ​ និង​កសាង​សំណុំរឿង​ ចាត់ការ​បន្ត​តាម​នីតិវិធី​៕

អត្ថបទដែលជាប់ទាក់ទង