កម្លាំងកងរាជអាវុធហត្ថ និងនគរបាល​ បានឃាត់ខ្លួនជនសង្ស័យ​ ១៤នាក់ ដកហូតបានគ្រឿងពេជ្រ អាវុធវែងខ្លី និងមានម្នាក់ ជាប្រធានគណបក្សនយោបាយផង​ ពាក់ព័ន្ធចោរចូលប្លន់ដល់ក្នុងផ្ទះអ្នកលក់ឡេអនឡាញ

ភ្នំពេញ​ ៖ ករណីក្រុមចោរចូលប្លន់ដល់ក្នុងផ្ទះអ្នកលក់ឡេអនឡាញ ទីបំផុតកងរាជអាវុធហត្ថ និងនគរបាលឃាត់ខ្លួនជនសង្ស័យ១៤នាក់ ដកហូតបានគ្រឿងពេជ្រ អាវុធវែងខ្លី និងមានម្នាក់ ជាប្រធានគណបក្សនយោបាយផង។

នាយប់ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២១ កម្លាំងកងអាវុធហត្ថរាជធានីភ្នំពេញ ដឹកនាំដោយឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងមេបញ្ជាការកងរាជអាវុធហត្ថ​រាជ​ធានី​ភ្នំពេញ បានសម្រុក​ចូល​សម្បុក​ក្រុមចោរប្លន់ផ្ទះអ្នកលក់ឡេតាមអនឡាញឈ្មោះ អ៊ាន សៀវម៉ី ​ដែល​កំពុងប្រមូលផ្តុំគ្នានៅក្នុងវីឡាមួយនៃបុរី ប៉េងហួត ផ្លូវ៦០ម៉ែត្រ​ ស្ថិតក្នុងខណ្ឌមានជ័យ រាជធានីភ្នំពេញ ដោយប្រតិបត្តិការបង្ក្រាប​ក្រុម​ជនសង្ស័យនេះ​កងរាជអាវុធហត្ថប្រមូល​បានគ្រឿង​ពេជ្រត្រឡប់មកវិញ ​និងដកហូតអាវុធចំនួន ៥ដើម ​មានអាវុធវែង ១ដើម និងខ្លី ៤ដើម។

យោងតាមព័ត៌មាន បានឱ្យដឹងថា នៅក្នុងការបង្រ្កាបនេះកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ បាន​ឃាត់​មនុស្សទាំងអស់ ១២នាក់ មានប្រុស ៩នាក់ និងស្រី៣នាក់ ហើយការឃាត់ខ្លួនមនុស្សទាំង​អស់នោះ​ក៏មានឈ្មោះ សុខសុវណ្ណ វឌ្ឍនាសាប៊ុង ហៅ William Guang ជាប្រធានគណបក្សខ្មែរក្រោក ដែល​អាច​ជាប់ពាក់ព័ន្ធករណីជាមួយក្រុមចោរប្លន់អ្នកលក់ឡេដ៏ល្បីឈ្មោះ អ៊ាន សៀវម៉ី ផងដែរ ។

ផេកហ្វេសប៊ុកផ្លូវការរបស់ ស្នងការនគរបាលរាជធានីភ្នំពេញ បានឲ្យដឹងដែរថា នៅយប់ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២១ដដែល ដោយអនុវត្តតាមបទបញ្ជារបស់នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការននគរបាលជាតិ ​លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និង​ជា​ស្នងការនគរបាលរាជធានីភ្នំពេញ ​និងនាយកដ្ឋានជំនាញពាក់ព័ន្ធ កម្លាំងការិយាល័យ​ព្រហ្មទណ្ឌ​កម្រិតធ្ងន់ ​នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ​កម្លាំងនៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ បាន​សហការជាមួយកម្លាំងនាយកដ្ឋានព្រហ្មទណ្ឌ​បានស្រាវជ្រាវ និងដេញឃាត់បានរថយន្ត​ដែល​ជន​សង្ស័យបានប្រើប្រាស់ក្នុងករណីប្លន់ កាលពីព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២១ ​នៅក្នុងបុរី ម៊ូន ថោន ផ្ទះវីឡាលេខV01 ភូមិគោកចំបក់ សង្កាត់ចោមចៅ១ ​ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

នគរបាល បានឲ្យដឹងថា ក្នុងប្រតិបត្តិការប្រដេញរថយន្តជនសង្ស័យ ​ដោយស្ថានភាពងងឹតខ្លាំង កម្លាំង​ជំនាញបានប្រដេញរថយន្តនេះរហូតជនសង្ស័យបានបើក​ទ្វារលោត​គេច​ខ្លួន​ចូល​ក្នុងគម្ពោធព្រៃ ​ដោយសមត្ថកិច្ចបានធ្វើការ​ឡោមព័ទ្ធទីតាំងនោះ ដើម្បីបន្តរុករកជនសង្ស័យ​ដែល​រត់គេចខ្លួន​ រីឯក្នុងរថយន្តពិនិត្យឃើញ​មានដបសាំងក្នុងរថយន្ត សមត្ថកិច្ច​បានធ្វើ​ការសន្និដ្ឋានជា​បឋមថា​ ជន​សង្ស័យ​មាន​បំណងបើក​រថយន្តទៅកន្លែងស្ងាត់ ដើម្បី​ដុតកំទេច​ចោល​បំផ្លាញ​ភស្តុតាង។

លោក សាន សុខសីហា អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានឲ្យដឹងថា ក្រោយប្រតិបត្តិការមួយយប់ដេញឃាត់រថយន្ត ដែលជនសង្ស័យប្រើប្រាស់​ក្នុងករណី​ប្លន់ផ្ទះ​លោក​ស្រី អ៊ាន សៀវម៉ី កាលពីព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២១ នៅក្នុងបុរី ម៊ូន ថោន សមត្ថកិច្ចចម្រុះ​នៃ​ស្នងការដ្ឋាននរគបាលរាជធានីភ្នំពេញ ​បានធ្វើការឡោមព័ទ្ធ​រហូតឈានដល់ការឃាត់​ខ្លួន​បាន​ជនសង្ស័យចំនួន០២នាក់​ គឺមានប្រុសម្នាក់​ និងស្រីម្នាក់ ហើយនៅព្រឹកនេះ​សមត្ថកិច្ចកំពុង​យក​ទៅ​ធ្វើការ​សាកសួរបន្តនៅអធិការដ្ឋាននគរបាល ខណ្ឌពោធិ៍សែនជ័យ៕

អត្ថបទដែលជាប់ទាក់ទង