អ្នកទោស​ ០៧នាក់​ ទំលាយរបងថ្ម រត់ចេញពី​ក្នុង​ពន្ធនាគារ​ខេត្តស្ទឹងត្រែង​ ផ្អើលអស់សមត្ថកិច្ច​ ផ្ទុះអាវុធ​ជាច្រើន​គ្រាប់​​ តែ​ដេញចាប់​ពុំបាន​

ខេត្តស្ទឹងត្រែង​ ៖​ អ្នកទោសចំនួន​ ៧នាក់​ បានទម្លាយរបងថ្ម រត់គេចខ្លួន​ កាលពីវេលាម៉ោង​ ៣និង២០នាទីទៀបភ្លឺរំលងអាធ្រាត្រឈានចូលថ្ងៃទី៨​ ខែវិច្ឆិកា ឆ្នាំ២០២១​ ស្ថិតនៅភូមិបាចុង សង្កាត់ព្រះបាទ ក្រុងស្ទឹងត្រែង។

ប្រភពព័ត៌មាន​ បានអោយដឹងថា​ នាវេលាទៀបភ្លឺ​ ថ្ងៃខែខាងលេី​ ខណៈមន្ត្រីអនុរក្សពន្ធនាគារដឹងអ្នកទោសវាយជញ្ជាំងទម្លាយរត់គេចខ្លួន ក៏បានប្រើប្រាស់អាវុធបាញ់ចំនួន​ ៤គ្រាប់​ ដើម្បីគម្រាមបញ្ឈប់សកម្មភាពរត់គេច​ តែមិនអាចរារាំងបាន។

តាមការពិនត្យទីតាំងជាក់ស្តែង​ នគរបាល​ បានរកឃើញឧបករណ៍ធ្វើសិប្បកម្ម និងវត្ថុរឹងមួយចំនួន ដែលជាឧបករណ៍សម្រាប់ទម្លាយរបងថ្ម ដូចជាប្រដាប់ខួង ដែកត្រសេះ កំណាត់ឈើ ខ្នេីយ​ ភួយ ដើម្បីខ្ទប់វាយមិនអោយលឺសំលេង។

លោក ឈុន តារា ប្រធានពន្ធនាគារខេត្តស្ទឹងត្រែង​ បានអោយដឹងថា​ ក្នុងចំណោមអ្នកទោស​ ៧នាក់​ មានម្នាក់ត្រូវកាត់ទោសអោយជាប់ពន្ធនាគារអស់មួយជីវិត​ ក្នុងករណីជួញដូរគ្រឿងញៀន​ និង​ ៦នាក់ទៀត​ ជាប់ទោសស្រាល។​ លោកប្រធានពន្ធនាគារខេត្ត​ បានបន្តថា​ ក្នុងចំណោមអ្នកទោសរត់គេចខ្លួន​ ០៧នាក់ មាន​ ៦នាក់​ ស្ថិតក្នុងករណីជួញដូរគ្រឿងញៀន និងម្នាក់​ ជាប់ទោសពីបទលួចមានស្ថានទម្ងន់ទោស​។

លោកឧត្តមសេនីយ៍ទោ អូន ស៊ីវុត្ថា ស្នងការនគរបាលខេត្តស្ទឹងត្រែង បានប្រាប់អោយដឹងថា នៅពេលនេះកម្លាំងនគរបាលរបស់លោក បានសហការជាមួយកម្លាំងពន្ធនាគារ និងសមត្ថកិច្ចពាក់ព័ន្ធតាមព្រំដែន ដើម្បីស្រាវជ្រាវចាប់មកវិញ​ ៕

អត្ថបទដែលជាប់ទាក់ទង