មេទឹករបស់រដ្ឋជាង​ ០១ហិកតា​ នៅចំណុចទំនប់បឹងតាសូរ ស្ថិតក្នុងភូមិព្រែកក្របៅទី២ ឃុំព្រែកអំពិល​ ត្រូវបានលោក​ អ៊ុក រដ្ឋា​ និងបក្ខពួក ដាំបង្គោលធ្វើរបងព័ទ្ធយក​ធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន​

កណ្តាល​ ៖​ មេទឹករបស់រដ្ឋជាង​ ០១ហិកតា​ នៅចំណុចទំនប់បឹងតាសូរ ស្ថិតក្នុងភូមិព្រែកក្របៅទី២ ឃុំព្រែកអំពិល ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល ត្រូវបានបុគ្គលឈ្មោះ អ៊ុក រដ្ឋា ប្រធានក្រុមហ៊ុនមហារដ្ឋាត្រេឌីង និងបក្ខពួក កំពុងដាក់ដាំបង្គោលធ្វើរបងព័ទ្ធយក​ធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន។

តាមការបញ្ជាក់ពីលោក ឈឹម ម៉េង មេឃុំព្រែកអំពិល​ បានឲ្យដឹងថា កាលពីថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២១ លោក ប៊ុន ផេង អភិបាលស្រុកខ្សាច់កណ្ដាល បានដាក់បទបញ្ជា មករដ្ឋបាលឃុំព្រែកអំពិល​ ឲ្យចុះទៅទប់ស្កាត់​ និងហាមឃាត់ជាបន្ទាន់។ បន្ទាប់ពីទទួលបានបទបញ្ជានេះ​ លោក ឈឹម ម៉េង មេឃុំព្រែកអំពិល បានដឹកនាំក្រុមការងារឃុំ កម្លាំងប៉ុស្ដិ៍ កម្លាំងប្រជាការពារ ចុះទៅហាមឃាត់ភ្លាមៗ ផ្អាកមិនឲ្យធ្វើរបង ព្រោះដីមេទឹកជាង​ ០១ហិកតា នៅចំណុចទំនប់បឹងតាសូរ គឺជាដីមេទឹករបស់រដ្ឋ។

ដោយភាពលោភលន់ខ្លាំងពេក លោក អ៊ុក រដ្ឋា និងបក្ខពួក ហ៊ានគឃ្លើនមិនគោរព​ និងខ្លាចអាជ្ញាធរឃុំព្រែកអំពិល ក៏ដូចលោក ប៊ុន ផេង អភិបាលស្រុកនោះទេ រហូតដល់ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១នេះ នៅតែបន្តដាំបង្គោលធ្វើរបងព័ទ្ធយកដដែល ពិតជាសាហាវមែន។

ម្យ៉ាងវិញទៀត​ មេទឹកមួយនេះ​ដែរ សូម្បីបងប្អូនប្រជាពលរដ្ឋបូមទឹកដាក់ស្រែ ពលរដ្ឋរាយមងចាប់ត្រី​ គ្រាន់បានចិញ្ចឹមឆ្នាំង​ ក៏មិនឲ្យ និងមិនឲ្យបូមទឹកដាក់ស្រែចំការទៀតងផង។ មេទឹករបស់បងប្អូនប្រជាពលរដ្ឋ មេទឹករបស់រដ្ឋសោះ ហ៊ានរំលោភយកដោយមិនចេះខ្មាស់អៀន។

ជុំវិញរឿងរ៉ាវខាងលើ​នេះ​ បងប្អូនប្រជាពលរដ្ឋ​ ក៏ដូចជាមហាជនរ​ងចាំមើល​ ថាតើខាងអាជ្ញាធរឃុំព្រែកអំពិល ជាពិសេសអាជ្ញាធរស្រុកខ្សាច់កណ្ដាល មានចំណាត់ការ​យ៉ាងណា ចំពោះលោក អ៊ុក រដ្ឋា និងបក្ខពួក ដែលកំពុងរំលោភយកដីមេទឹក​ ដាក់ដាំបង្គោលធ្វើរបងព័ទ្ធយកធ្វើកម្មសិទ្ធិផ្ទាល់ខ្លួន ឬ​ មួយទុក្ខឲ្យបុគ្គលម្នាក់នេះ​ ធ្វើព្យុះធ្វើភ្លៀង​ ស្ទើរគ្រប់កន្លែងអញ្ចឹងតែរហូត? ៕

អត្ថបទដែលជាប់ទាក់ទង