ដីព្រៃរាប់សិបហិចតា​ ត្រូវបានជនជាតិចិនលួចកាប់បំផ្លាញ

ខេត្តរតនគិរី ៖ បើទោះជារាជរដ្ឋាភិបាល​ រិតបណ្តឹងក្នុងការទប់ស្កាត់ បង្ក្រាបរាល់សកម្មភាព​ កាប់រានដីព្រៃឈើ ល្មើសច្បាប់យ៉ាងណាក៏ដោយ អាជ្ញាធរមូលដ្ឋាន ហាក់ដូចជាមិនមានឆន្ទៈ ឬម្ចាស់ការក្នុងការយកចិត្តទុកដាក់ ការពារដីព្រៃឈើនោះទេ។

ជាក់ស្ដែងដីព្រៃមួយកន្លែង​ ស្ថិតនៅក្នុងភូមិស្រែពកតូច ឃុំសេរីមង្គល ស្រុកកូនមុំ ខេត្តរតនគិរី ត្រូវបានជនជាតិចិន លួចកាប់បំផ្លាញពង្រីកផ្ទៃដីបន្ថែមជាបន្តបន្ទាប់ បើទោះជាដីឈូសឆាយនៅតំបន់នេះ ត្រូវគណៈកម្មការខេត្តចុះពិនិត្យរួចម្ដងមកហើយ មិនទាន់សម្រេចថា​ ដកហូត​ ឬយ៉ាងណានោះទេ។ ចំណែកអាជ្ញាធរមូលដ្ឋាន និងជំនាញពាក់ព័ន្ធ​ បានត្រឹមថា​ មិនដឹង ចាំចុះទៅមើលតែប៉ុណ្ណោះ។

ករណីជនជាតិចិនកាប់បំផ្លាញព្រៃឈើ​ រានយកដីខាងលើនេះ លោក នូ ម៉ឹង មេឃុំសេរីមង្គល ស្រុកកូនមុំ​ ថា លោកមិនបានដឹងទេ។​ រីឯលោក សេក ហៃ អភិបាលស្រុកកូនមុំ​ ថា នៅឃុំសេរីមង្គលមិនមានក្រុមហ៊ុនវិនិយោគទេ ចំណែកថា​ ជនជាតិចិនលួចកាប់រានដីព្រៃនោះ​ លោកមិនដឹងទេ សុំឲ្យសួរទៅជំនាញ។​ លោក ថោ ប៊ុនថេត ភូមិបាលស្រុកកូនមុំ​ បានឲ្យដឹងថា ដីនេះមានឈ្មោះ ស៊ីង នៅស្រុកវើនសៃ ជាអ្នកឈរឈ្មោះទិញ ហើយដីនេះ​ មិនមានចុះបញ្ជីត្រឹមត្រូវទេ គ្រាន់តែជំនាញចុះវាស់វែងលក្ខណៈទិញដូរ រវាងអ្នកទិញ​ និងអ្នកលក់តែប៉ុណ្ណោះ។ ចំណែកការកាប់រានដីព្រៃ សូមទំនាក់ទំនងសួរជំនាញរដ្ឋបាលព្រៃឈើ។​ លោក គួក ធឿន នាយសង្កាត់រដ្ឋបាលព្រៃឈើស្រុកកូនមុំ បានឲ្យដឹងថា លោកមិនបានដឹងទេ ចំពោះការកាប់រានដីព្រៃបន្ត គ្រាន់តែការកាប់រានចាស់លោកបានចុះទៅពិនិត្យ និងធ្វើរបាយការណ៍ជូនថ្នាក់លើ​ និងខេត្ត​ រួចម្ដងហើយ ការមានវិធានការដកហូត ឬយ៉ាងណានោះ លោករងចាំការសម្រេចពីថ្នាក់លើ​ និងខេត្តសិន។ ចំពោះការកាប់រានដីព្រៃថ្មី លោកនឹងរកពេលចុះទៅពិនិត្យម្ដងទៀតនៅពេលក្រោយ​ ដើម្បីរាយការណ៍ជូនថ្នាក់លើ។

ជុំវិញករណីខាងលើនេះ លោក ញែម សំអឿន អភិបាលរងខេត្តរតនគិរី បានឲ្យអ្នកសារព័ត៌មានយើងដឹងតាមទូរស័ព្ទនៅព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០នេះថា ដីព្រៃនៅតំបន់នោះ​ ជាដីគម្របព្រៃ ដែលមានសរាចរណែនាំ ចេញតាំងពីឆ្នាំ២០០២ មិនអាចអនុញ្ញាតិឲ្យអ្នកណាកាប់ទន្ទ្រានបានទេ បើទោះជាប្រជាពលរដ្ឋទៅកាប់រានធ្វើចំការនៅទីនោះក៏ដោយ ហើយអាជ្ញាធរមូលដ្ឋាន ឬជំនាញពាក់ព័ន្ធ​ ហានចេញលិខិតណាមួយពាក់ព័ន្ធ​ ត្រូវមានទោសទាំងអស់ ហើយដីចំការអ្នកណាក៏ដោយ ឲ្យតែពាក់ព័ន្ធនិងផ្ទៃដីគម្របព្រៃនេះ ត្រូវដកហូតទាំងអស់។

គួរបញ្ជាក់ថា កន្លងមកក្រុមឈ្មួញតែងតែប្រើរូបភាពឲ្យប្រជាពលរដ្ឋលួចកាប់រានធ្វើចំការជាលក្ខណៈគ្រួសារ ហើយអាជ្ញាធរមូលដ្ឋានឃុបឃិតគ្នា ធ្វើលិខិតទិញដូរជាមួយប្រជាពលរដ្ឋលក់ឲ្យឈ្មួញ៕

អត្ថបទដែលជាប់ទាក់ទង