សណ្ដែកសៀងឆ្នាំ២០១៩នេះ​ តម្លៃកើនឡើងជាងឆ្នាំទៅ​ តែទិន្នផលនៅតែធ្លាក់ចុះ

«សណ្តែកសៀងឆ្នាំ២០១៩នេះ​ តម្លៃមានការកើនឡើង​ បើប្រៀបធៀបនឹងឆ្នាំទៅ​ តែទិន្នផលនៅតែជាធ្លាក់ចុះ» នេះជាការលើកឡើងរបស់កសិករម្នាក់គឺលោកពូ កែម ផល អាយុ៤៥ឆ្នាំ​ ដែល​កំពុង​ប្រមូល​ផល​សណ្តែកសៀងក្នុងចំការគាត់ ប្រមាណ​ ៦ហិកតា​ស្ថិតនៅភូមិតាអង ឃុំតាងអងស្រុកកូនមុំខេត្តរតនគិរីនៅរសៀលថ្ងៃទី១៧ខែតុលាឆ្នាំ២០១៩នេះ។​

លោកពូបន្តថា​ តម្លៃឆ្នាំនេះ​ អាចទទួលយកបាន​ តែគួរអោយស្តាយ​ ទិន្នផលមិនសូវទទួលបានច្រើននោះទេ ពីព្រោះដូចឆ្នាំទៅអញ្ចឹង​ គឺមានភ្លៀងធ្លាក់ជោគជាំពេកក្នុងដើមរដូវដាំដុះ​ ទើបធ្វើអោយពួកគាត់ដាំដុះយឺតពេល។ ចំពោះតម្លៃវិញ​ បើឈ្មួញចុះមកប្រមូលទិញដល់ចំការតម្លៃ​ ១.៨៥០រៀលក្នុងមួយគីឡូក្រាម បើដឹកយកទៅលក់អោយឈ្មួញដល់កន្លែងគេវិញ​ តម្លៃ​ ១.៩០០ ទៅ​ ១.៩៥០រៀលក្នុង១គីឡូក្រាម​ បើប្រៀបធៀបឆ្នាំទៅ​ គិតត្រឹមប្រមូលផលដើមដៃដូចគ្នានេះ​ ១គីឡូក្រាម​ ១.៦៣០រៀល ទៅ​ ១.៦៥០រៀល​ តែប៉ុណ្ណោះ។​

កសិករ​ដដែល​បាន​អះអាងថា​ ទិន្នផល​សណ្តែកសៀង​ ប្រសិនបើ​ល្អ​នោះ ទទួលបាន​ចន្លោះ​ពី​ ១.៨តោន ទៅ​ ​២​តោន​ ក្នុង​១​ហិកតា ហើយបើដីថ្មីអាចទទួលទិន្នផល​ ២តោនកន្លះ​ ក៏មានដែរ។ ប៉ុន្តែ​បច្ចុប្បន្ន​នេះ​ ពួកគាត់​ប្រមូល​ផល​បានត្រឹមតែ​ ៧០០​គីឡូក្រាម​ ទៅ​ ​៨០០​គីឡូក្រាម​ ប៉ុណ្ណោះ​ ​ក្នុង​១​ហិកតា។

លោក សែម រឿន ប្រធាន​ការិយាល័យ​ក្សេត្រសាស្ត្រ​នៃ​មន្ទីរ​កសិកម្ម​រុក្ខាប្រមាញ់ និង​នេសាទ​ខេត្តរតនគិរី​ ​បាន​ទទួលស្គាល់ថា ឆ្នាំ​២០១៩នេះ​ ការដាំដុះ​ដំណាំ​សណ្តែកសៀង​របស់​កសិករ​នៅ​ខេត្តរតនគិរី​ ​ជួប​បញ្ហា​ប្រឈម​ប្រាកដ​មែន ដោយសារតែ​បណ្តាលមកពី​អាកាសធាតុ​មិន​អំណោយផល​ ​សម្រាប់​ពួកគាត់​ដាំ​ដំណាំ​សណ្តែកសៀង ចំណែកឯ​កសិករ​មួយចំនួនធំ​បាន​ប្រើប្រាស់​ថ្នាំបាញ់​ស្មៅ ទៅលើ​ផ្ទៃដីដំណាំ​សណ្តែក​លើស​កំណត់ពេក​ ក៏ជាកត្តាធ្វើ​អោយជួប​នូវបញ្ហា​ធ្លាក់ចុះ​នៃទិន្នផល​ដែរ។​

​ប្រធាន​ការិយាល័យ​រូបនេះ​បន្តថា​ ខេត្តរតនគិរី ក្នុង​ឆ្នាំ​២០១៩នេះ​ មាន​ផ្ទៃដី​ដាំ​ដុះ​ដំណាំ​សណ្តែកសៀង​ចំនួន​ ២.៦៨៦ហិកតា បើ​ធៀប​នឹង​ឆ្នាំ​២០១៨​ មានចំនួន​ ៣.៥៧១ហិកតា គឺមានការ​ថយចុះ​ ៨៨៥ហិកតា។ លោកថា ​មូលហេតុ​នៃ​ការថយចុះ​ផ្ទៃដី​ដាំ​ដុះ​សណ្តែក​សៀក​នេះ គឺ​បណ្តា​ឆ្នាំកន្លងមក​កសិករ​ដាំ​តាម​ចន្លោះ​រង​ចំការកៅស៊ូ​ និងចន្លោះរងចំការស្វាយចន្ទី។​ ហើយ​នៅ​ពេល​ដំណាំ​កសិឧស្សាហកម្ម​ទាំងនេះ​ ​ធំ​បែកមែក​សាខា គឺ​មិន​អាច​ដាំ​បាន​ទៀត​ទេ៕

អត្ថបទដែលជាប់ទាក់ទង