គ្មាន​នរណា​ហ៊ាន​ប៉ះពាល់​លោក សំ កុសល មេ​គយ​ខេត្តកោះកុង

ខេត្តកោះកុង ៖ រឿងអាស្រូវ​ពុក​រលួយ​ច្រើន​បែប​ច្រើន​រូបភាព​របស់​លោក សំ កុសល ប្រធាន​សាខា​គយ​ខេត្តកោះកុង ត្រូវ​បាន​លាតត្រដាង​ជា​បន្តបន្ទាប់​។ ប្រភព​ពី​មន្ត្រី​គយ និង​ភ្នាក់ងារ​គយ​ក្នុង​ខេត្តកោះកុង មួយ​ចំនួន​បាន​ឲ្យ​ដឹង​ថា ចាប់តាំងពី​ទទួល​បាន​តំណែង​ជា​ប្រធាន​សាខា​គយ​ខេត្តកោះកុង រួច​មក​គឺ​លោក សំ កុសល ប្រព្រឹត្ត​អំពើ​ពុក​រលួយ​តាម​ច្រើន​រូបភាព ជា​ពិសេស​គឺ​ឃុបឃិត​ឲ្យ​ឈ្មួញ​ធំ​ៗ​នាំ​ចូល​ទំនិញគេចពន្ធ ទំនិញ​បង់ពន្ធ​មិន​គ្រប់ និង​ទំនិញ​ខុសច្បាប់​កាន់តែ​ច្រើន​ឡើង​ៗ​។

ជាង​នេះ​ទៅ​ទៀត​លោក សំ កុសល ប្រធាន​សាខា​គយ​ខេត្តកោះកុង បាន​ឃុបឃិត​ឲ្យ​ឈ្មួញ​ធំ​ៗ​មួយ​ចំនួន​បង់ពន្ធ​តាម​របៀប​ម៉ៅ​ការ​ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​រដ្ឋ​ត្រូវ​ខាតបង់​ចំណូល​ពន្ធ​យ៉ាងច្រើន​ក្នុង​មួយ​ខែ​ៗ​។ មិនតែប៉ុណ្ណោះ​លោក សំ កុសល បាន​រក្សា​ទុក​ប៉ុស្ដិ៍​ជជុះ​របស់​គយ​ចល័ត​នៅ​ចំណុច​អណ្ដូងទឹក​ដើម្បី​គាប​យក​លុយ​លើ​តុ​ក្រោម​តុ​ពី​ឈ្មួញ​តាម​អំពើ​ចិត្ត បើ​ទោះបី​ឈ្មួញ​ខ្លះ​នាំ​ចូល​ទំនិញ​បង់​ពន្ធគយ​ត្រឹមត្រូវ​នៅ​ច្រកព្រំដែន​យ៉ាងណា​ក៏​ដោយ​។

សេចក្ដីរាយការណ៍​ពី​មន្ត្រី​គយ និង​ភ្នាក់ងារ​គយ​មួយ​ចំនួន​ក្នុង​ខេត្តកោះកុង បាន​ឲ្យ​ដឹង​ទៀត​ថា បច្ចុប្បន្ន​ទំនិញ​ដែល​ឈ្មួញ​ធំ​ៗ​នាំ​ចូល​តាម​ច្រក​ទ្វារ​អន្តរជាតិ​ចាំ​យាម និង​តាម​ច្រក​ស្រែអំបិល ច្រក​ប៉ាក់​ខ្ល​ង​ជាដើម គឺ​ឈ្មួញ​បង់ពន្ធ​ចូល​រដ្ឋ​ត្រឹម​២៥​ទៅ​៣៥​ភាគរយ​ប៉ុណ្ណោះ ក្រៅពី​នេះ​គឺ​មានការ​ឃុបឃិត​បែងចែក​ផលប្រយោជន៍​ជាមួយ​លោក សំ កុសល យ៉ាង​រលូន​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀត​ថា មួយ​រយៈ​ចុង​ក្រោយ​នេះ​ឈ្មួញ​នៅ​តែ​អាច​នាំ​ចូល​ម៉ូតូ​គេចពន្ធ​ទំនើប​ៗ រថយន្ត​គេចពន្ធ​ទំនើប​ៗ និង​ទំនិញគេចពន្ធ​ជា​ច្រើន​ប្រភេទ​តាម​ច្រកព្រំដែន​គោក និង​ច្រក​ដែនសមុទ្រ​ក្នុង​ខេត្តកោះកុង ដោយសារ​តែ​មានការ​ឃុបឃិត​បើកដៃ​ពី​សំណាក់​លោក សំ កុសល មេ​គយ​ខេត្តកោះកុង​៕ ប្រភព ៖ http://www.moneaksekar.com/78934.html/

អត្ថបទដែលជាប់ទាក់ទង