រណ្ដៅដីដ៏ធំនិងជ្រៅ២កន្លែង!នៅជាប់ផ្ទះពលរដ្ឋនៅស្រុកកៀនស្វាយ កំពុងបង្កហានីភ័យជាខ្លាំង,,,

(កណ្តាល)៖ ពលរដ្ឋជាច្រើនគ្រួសារនៅភូមិ ស្ដៅកន្លែង ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្ដាល បានសម្ដែងការមិនពេញចិត្ត និងប្រតិកម្ម ជាខ្លាំងមកលើឈ្មួញដឹកដីខ្នាតធំ ចំនួន២ក្រុមហ៊ុន ដែលកំពុងធ្វើអាជីវកម្ម ជីករណ្ដៅដីធំ និងមានជម្រៅប្រមាណចាប់ពី២០ទៅ ៣០ម៉ែត្រ នៅចំណុចក្រោយភូមិ ជាប់ផ្ទះរបស់ពួកគាត់ ជាហេតុនាំឲ្យពួកគាត់ដែលមានដីជុំវិញ ជាពិសេស គឺម្ចាស់ផ្ទះដែលនៅជាប់រណ្ដៅ កំពុងព្រួយបារម្ភជាខ្លាំង ដោយខ្លាចកូនចៅ គោក្របី សត្វពាហនៈមាន់ទា ជ្រូក ដើរធ្លាក់ចូលរណ្ដៅ ប្រាកដជាស្លាប់មិនខានឡើយ។

មិនត្រឹមតែប៉ុណ្ណោះទេ ក្រុមហ៊ុនគ្រឿងចក្រខាងលើបានធ្វើការដឹកជញ្ជូនគ្មានឈប់ឈរ  ស្រោចទឹកមិនទៀងទាត់ បណ្ដាលឲ្យដីហុយទ្រលោម ប៉ះពាល់ដល់ការរស់នៅនិង សុខភាពពួកគាត់ជាខ្លាំង។ អនាគតទៅអ្នកភូមិ ប្រឈមនិងកើតជំងឺរបេងគ្រប់គ្នាមិនខានឡើយ។

ពលរដ្ឋ នៅភូមិ ស្ដៅកន្លែង ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ បានអះអាងប្រាប់អ្នកព័ត៌មានយើងថា! ថៅកែគ្រឿងចក្រ ទី១ថៅកែឈ្មោះ សារិន ដែលបានជីក រណ្ដៅដីទំហំជិតមួយហិកតា បួនជ្រុង នៅកៀកនិងផ្ទះពួកគាត់តែម្ដង។ រីឯថៅកែម្នាក់ទៀតឈ្មោះ រិត បានជីករណ្ដៅដី នៅចំណុចក្រោយភូមិ នេះដែរគ្រាន់តែឆ្ងាយពីផ្ទះ ប្រហែល១០០ម៉ែត្រ ជិតដល់មាត់បឹង(ថាស់) ក្នុងភូមិឃុំខាងលើ។

ពលរដ្ឋបន្តថា! ក្រុមហ៊ុនទាំងពីរនេះបានជីករណ្ដៅដី មហាសែនធំនិងជ្រៅចាប់ពី២០ទៅ៣០ម៉ែត្រ ធ្វើឲ្យពួកគាត់ព្រួយ បារម្ភ។ ខ្លាចកើតមានគ្រោះថ្នាក់ ដល់អាយុជីវិតជាយថាហេតុ។ ក្នុងនោះ ខាងក្រុមហ៊ុនបានធ្វើការដឹកជញ្ជូនអាចម៍ដី ឲ្យអតិថិជនខ្លួន ដោយពុំបានគ្របតង់ត្រឹមត្រូវឡើយ។ ធ្វើឲ្យអាចម៍ដីជ្រុះរប៉ាត់រប៉ាយ ពេញផ្លូវកៅស៊ូ ចូលស្រែអំពិល។ ទន្ទឹមនិងនោះ ខាងថៅកែគ្រឿងចក្រ មិនបានស្រោចទឹក ឲ្យទៀងទាត់ទេ។ ជាហេតុនាំឲ្យដីហុយទ្រលោម តាមកង់ឡាន ប៉ះពាល់សុខភាពអ្នកភូមិជាខ្លាំង ម្យ៉ាងវិញទៀត ពលរដ្ឋមិនហ៊ាន ឲ្យកូនចៅឬក្មេងដើរចេញពីផ្ទះទេ ព្រោះខ្លាចរថយន្តដឹកដីបុកស្លាប់។ ពោលគឺកសិករ ដែលមកពីធ្វើការងារនើយហត់ចង់សំរាកក៏មិនបានព្រោះថ្លង់ សម្លេងរថយន្តដឹកដីឡើងទ្រហឹងអឺងកង ស្ទើបែកក្រដាស់ត្រចៀក។

ឆ្លើយតបនិងការលើកឡើងខាងលើលោក អ៊ូ ឈាង អភិបាលស្រុកកៀនស្វាយ បានឲ្យដឹងនៅព្រឹកថ្ងៃទី២៨មីនា នេះថា៖ ខាងគ្រឿងចក្រ ជីកដីទាំងនោះគេមានច្បាប់អាជ្ញាប័ណ្ណហើយ។ ប៉ុន្តែចំពោះការដឹកជញ្ជូន វារញ៉េរញ៉ៃ មកលើពលរដ្ឋ នោះ លោកបានចាត់ឲ្យមន្ត្រីជំនាញ ចុះទៅផ្អាកគ្រឿងចក្រនោះជាបណ្ដោះអាសន្នហើយ ដើម្បីរង់ចាំការដោះស្រាយគ្នាសិន៕

អត្ថបទដែលជាប់ទាក់ទង