បាត់​មុខ​មួយ​រយៈ ពេជ្រ សូលី​កា និង នី​កូ ក្លាយជា​តួឯក​ក្នុង​រឿង​ភាគ

រាជធានី​ភ្នំពេញ ៖ មហាជន​ប្រាកដជា​មានការ​ភ្ញាក់ផ្អើល ក្រោយ​ពី​បាត់​មុខ​ក្នុង​សិល្បៈ​មួយ​រយៈ ពេល​នេះ​ស្រី​ស្អាត ពេជ្រ សូលី​កា បាន​លេច​មុខជា​ថ្មី​ដោយ​ចាប់​ដៃគូ​ជាមួយ នី​កូ​។ ខណៈ​លេចមុខ​ភ្លាម​អ្នក​ទាំង​ពីរ​បាន​បង្ហាញ​នៅ​ក្នុង​បទ​ចម្រៀង​«​លាក់បាំង »​ដែល​ទទួល​បានការ​គាំទ្រ​ពី​សំណាក់​យុវវ័យ​កន្លង​មក។

ចេញ​បទ​ចម្រៀង​មិន​ទាន់​បាន​ប៉ុន្មាន​ផង ពេល​នេះ​អ្នក​ទាំង​ពីរ​បាន​លេចមុខ​រួម​គ្នា​នៅ​ក្នុង​រឿង​ភាគ​របស់​ទូរទស្សន៍​ហង្ស​មាស​ក្នុង​តំណែង​ជា​តួឯក​ទៀត​ផង​។ ការ​បង្ហាញមុខ​រួម​គ្នា​របស់​តារាចម្រៀង​វ័យក្មេង​រូប​ស្រស់​ទាំង​ពីរ​នៅ​ក្នុង​រឿង​ភាគ​របស់​ទូរទស្សន៍​ហង្ស​មាស​ដែល​មាន​ចំណងជើង​ថា​«​អាពាហ៍ពិពាហ៍​ចៃដន្យ​» បាន​ធ្វើ​ឱ្យ​អ្នកគាំទ្រ​មានការ​ចាប់អារម្មណ៍​ជា​ខ្លាំង ដែល​ម្នាក់​ៗ​រំពឹង​ថា​នឹង​បានឃើញ​សមត្ថភាព​សម្តែង​របស់​អាយ​ដល​ខ្លួន​ជា​លើក​ដំបូង​នៅ​ក្នុង​រឿង​ភាគ​។

នៅ​ក្នុង​រឿង​ភាគ​នេះ​គេ​សង្កេត​ឃើញ​មាន​តារា​មួយ​ចំនួន​ដូច​ជា កុ​ល ដា​វី ប្រុស​សង្ហា​ភ្នែក​តូច Step រួម​នឹង​តារា​សម្តែង​ជើង​ចាស់​អ្នកស្រី ឌី សា​វ៉េ​ត ទៀត​ផង​។ ទោះបីជា​លើក​ដំបូង​ដែល​បាន​ហក់​ចូល​នៅ​ក្នុង​ការ​សម្តែង​រឿង​ក៏​ពិតមែនតែ ពេជ្រ សូលី​កា និង នី​កូ រំពឹង​ថា​ស្នាដៃ​ទី​មួយ​របស់​ពួក​គេ​នឹង​ទទួល​បានការ​គាំទ្រ​ពី​សំណាក់​មហាជន​។

ក្នុង​នោះ​ក៏​មានការ​បន្ថែម​ពី​សំណាក់​មិត្តភក្តិ​ដែល​ស្និទ្ធ​ជាមួយ ពេជ្រ សូលី​កា ថា មិន​ត្រឹមតែ​ថត​រឿង​ភាគ​ទេ ពេជ្រ សូលី​កា ក៏​បាន​ថត​ចម្រៀង​ផង​ដែរ​។អាច​និយាយ​ថា ពេល​នេះ​នាង​ជា​តារាចម្រៀង​នៅ​ក្នុង​ផលិតកម្ម​មួយ នេះ ។ ពេជ្រ សូលី​កា និង នី​កូ ត្រូវ​បាន​គេ​ចាត់ទុកជា​តារាចម្រៀង​ដែល​ទទួល​បានការ​គាំទ្រ​ខ្លាំង​ពី​សំណាក់​មិត្ត​យុវវ័យ​កន្លង​មក​៕

អត្ថបទដែលជាប់ទាក់ទង