ថ្នាក់ដឹកនាំខេត្តរតនគិរីនិង អញ្ជើញចូលរួមពិធីបុណ្យមាឃបូជា នៅវត្តឥសានរតនារាម (ហៅវត្តភ្នំស្វាយ)

ខេត្តរតនគិរី÷ ថ្នាក់ដឹកនាំខេត្តនិងអញ្ជើញចូលរួមក្នុងពិធីបុណ្យមាឃបូជា នៅវត្តឥសានរតនារាម នាថ្ងៃអង្គារ៍ ១៥កើត ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព,ស២៥៦២ ត្រូវនឹងថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៩ លោកណាប់ ប៊ុនហេង ប្រធានក្រុមប្រឹក្សាខេត្ត លោក ថង សាវុន អភិបាលខេត្តរួមនិងលោក អភិបាលរងខេត្ត លោកលោកជំទាវសមាជិកក្រុមប្រឹក្សាខេត្តព្រមទាំងមន្រ្តីរាជការពុទ្ធបរិស័ទចំណុះជើងវត្តបានអញ្ជើញចូលរួមក្នុពិធីបុណ្យមាឃបូជា ដែលប្រារព្ធនៅពុទ្ធសីមាវត្តឥសានរតនារាម(ហៅវត្តភ្នំស្វាយ)សិ្ថតក្នុងភូមិភ្នំស្វាយ សង្កាត់បឹងកន្សៃង ក្រុងបានលុង។

សូមបញ្ជាក់ថាពិធីបុណ្យមាឃបូជាប្រារព្ធធ្វើឡើងដើម្បីរំលឹក
ដល់ថៃ្ង ដែលព្រះសម្មាសម្ពុទ្ធ ទ្រង់ប្រកាសបង្កើតព្រះពុទ្ធសាសនាឡើង ក្នុងលោកនាប្រទេសឥណ្ឌា កាលពី៥៨៨ឆ្នាំ មុនគ្រិស្តសករាជ នាថៃ្ងទី១៥កើត ខែមាឃក្រោយពីការត្រាស់
ដឹង របស់ព្រះអង្គចំនួន៩ខែគត់។ ថ្ងៃមាឃបូជានេះ ព្រះសម្មា
សម្ពុទ្ធជាម្ចាស់ នៃយើងទ្រង់ប្រទានឱវាទបាដិមោក្ខ ដល់មហាសង្ឃសន្និបាតក្នុងវត្តវេឡុវ័ន ដែលជាវត្តដំបូងបង្អស់ ក្នុងព្រះ
ពុទ្ធសាសនាក្នុងថ្ងៃនោះ មានហេតុការណ៍សំខាន់៤យ៉ាងកើតឡើងគឺ

ទី១ ព្រះសង្ឃសមណៈទូត១,២៥០អង្គ ដែលព្រះសម្មា
សម្ពុទ្ធជាម្ចាស់ទ្រង់ បញ្ជូនទៅកាន់តំបន់ផ្សេងៗ ដើម្បីផ្សព្វផ្សាយ គោលធម៌បានវិលត្រឡប់ មកចូលគាល់ ព្រះអង្គវិញយ៉ាង ព្រមព្រៀងគ្នា (សព្វេ ខីណាសវា) ទី២ ព្រះសង្ឃទាំងអស់សុទ្ធតែជាឯហិភិក្ខុ ដែលព្រះសម្មាសម្ពុទ្ធ ជាម្ចាស់ទ្រង់បំបួស ឲ្យដោយផ្ទាល់ ដែលហៅថា ឯហិភិក្ខុឧបសម្បទា(សព្វេ ឯហិភិក្ខុកា) ទី៣ ព្រះសង្ឃទាំងអស់សុទ្ធតែជា ព្រះអរហន្ត បានអភិញ្ញា៦គឺ សម្តែងឫទ្ធិបាន, ត្រចៀកទិព្វ, ភ្នែកទិព្វ, កំណត់ដឹងចិត្តអ្នកដទៃ, បានរលឹកជាតិបាន និងអស់អាសវៈមកជួបប្រជុំគ្នាក្នុងវត្តវេឡុវ័ន ដោយមិនបានណាត់មកទុកជាមុន (សព្វេ អនិមន្តិតា), និងទី៤ ថ្ងៃដែលព្រះសង្ឃទាំងអស់ជួបប្រជុំគ្នានោះ ត្រូវនឹងថ្ងៃពេញបូណ៌មីខែមាឃ (មាឃនក្ខត្តេ បុណ្ណចន្ទោ)។

មូលហេតុសំខាន់ដែល ព្រះសង្ឃសមណៈទូតទាំងនោះ មកជួបប្រជុំគ្នាក្នុងវត្តវេឡុវ័ននោះ ព្រោះថ្ងៃពេញបូណ៌មីខែមាឃនោះ ត្រូវនឹងថ្ងៃសិវរាត្រី របស់សាសនាព្រាហ្មណ៍ ក្នុងថ្ងៃសិវរាត្រីនេះ សាសនិកព្រាហ្មណ៍ តែង ប្រារព្ធពិធីលាងជម្រះបាបបូជាព្រះសិវៈ ព្រោះហេតុនោះព្រះសង្ឃទាំងនោះ ទើបធ្វើដំណើរទៅគាល់ព្រះ បរម សាស្តាដែលទ្រង់ធ្វើពុទ្ធដំណើរចេញ ពីល្អាងសុករខាតាមកគង់ប្រថាប់នៅក្នុងវត្តវេឡុវ័ន សូមជម្រាបថា ព្រះសង្ឃដែលធ្វើដំណើរទៅផ្សព្វផ្សាយពុទ្ធធម៌នោះ មិនមែនធ្វើដំណើរទៅព្រមគ្នាទាំង ១,២៥០អង្គនោះទេ ប៉ុន្តែធ្វើដំណើរទៅតែមួយអង្គឯងប៉ុណ្ណោះ មានន័យថា ធ្វើដំណើរទៅដាច់ដោយឡែកពីគ្នា ការដែលព្រះសង្ឃអង្គនីមួយៗ ធ្វើដំណើរទៅវត្តវេឡុវ័នដោយមិន បានណាត់ទុកជាមុនដូចជាណាត់តាមទូរស័ព្ទ ឬឥន្ធើណិតជាដើម ទើបចាត់ជាហេតុការណ៍អស្ចារ្យ៕ ដោយ សាវ័ន

អត្ថបទដែលជាប់ទាក់ទង