អាជ្ញាធរក្រុងបានលុងថា បញ្ហាសំរាមក្នុងក្រុង នឹងត្រូវដោះស្រាយឲ្យប្រសើរឡើង ចាប់ពីថ្ងៃស្អែកនេះតទៅ

ខេត្តរតនគិរី÷ លោក ងិន ណែល អភិបាលក្រុងបានលុង ខេត្តរតនគិរី បានប្រាប់សារព័ត៌មានតាមទូរស័ព្ទនៅរសៀលថ្ងៃទី២៨ ខែវិច្ឆិកានេះ ថា ចាប់ពីថ្ងៃស្អែកតទៅ បញ្ហាសំរាមដែលជាកាកសំណល់គ្រប់ប្រភេទរបស់ប្រជាពលរដ្ឋបានប្រើប្រាស់រួច ហើយប្រមូលចោលនៅទីតាំងផ្ទុកសំរាមរបស់ខ្លួនក្នុងក្រុង មានចំនួនជាង២៨ តោន នឹងត្រូវដោះស្រាយឲ្យមានភាពល្អប្រសើរឡើង ។

អភិបាលក្រុងបានលុងរូបនេះ បានឲ្យដឹងទៀតថា បន្ទាប់ពីរដ្ឋបាលក្រុងបានលុង រួមទាំងមន្ទីរហិរញ្ញវត្ថុខេត្ត មន្ទីរបរិស្ថានខេត្ត និងមន្ទីរសាធារណ:ការ និងដឹកជញ្ជូនខេត្ត ដែលជាគណ:កម្មាការរៀបចំសម្អាត ប្រមូល និងដឹកជញ្ជូនសំរាម ដែលជាអ្នកបន្តវេនការងារនេះជំនួសក្រុមហ៊ុន គឹម ជ្រ៊ា បានទិញរថយន្តថ្មី សម្រាប់ធ្វើការប្រមូលសំរាមចំនួន ២គ្រឿង បន្ថែមលើ គោយន្តចំនួន ៤គ្រឿង ដែលបានធ្វើសកម្មភាពប្រមូលសំរាមក្នុងក្រុង ១រយ:ពេលចុងក្រោយនេះ ។

ទន្ទឹមហ្នឹងនេះដែរ លោកអភិបាលក្រុង ក៏បានធ្វើការសំណូមពរ និងសុំការយោគយល់ពីសំណាក់បងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងក្រុង ខណ:ដែលសំរាមនៅរាយប៉ាយពេញក្រុង ដោយសារខ្វះសម្ភារ:ដឹកជញ្ជូននាពេលកន្លងមកផងដែរ ។

គួរបញ្ជាក់ថា កាលពីថ្មីៗនេះ រដ្ឋបាលខេត្តរតនគិរី បានចេញដីកាស្តីពីការដកហូតសិទ្ធ និងបញ្ចប់ទាំងស្រុងនូវកិច្ចសន្យាស្តីពីការដាក់ទុនវិនិយោគ និងធ្វើអាជីវកម្មប្រមូលសំអាតអនាម័យ និងដឹកជញ្ជូនសំរាម ក្នុងក្រុងបានលុង ខេត្តរតនគិរី ដែលមានរយ:ពេល ២១ឆ្នាំ ចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០១០ រហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០៣០ ពីលោក ជា គួង ប្រធានក្រុមហ៊ុនដឹកសំរាម គឹម ជ្រា មុនពេលកំណត់ ហើយបានប្រគល់សិទ្ធឲ្យគណ:កម្មាការរៀបចំ ការសម្អាត ប្រមូល និងដឹកជញ្ជូនសំរាម ដែលមានរដ្ឋបាលក្រុងបានលុង រួមទាំងមន្ទីរហិរញ្ញវត្ថុខេត្ត មន្ទីរបរិស្ថានខេត្ត និងមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត ជាអនុវត្តន៍ការងារប្រមូល ដឹកសំរាមនេះ ជំនួសវិញ ៕ដោយ សាវ័ន

អត្ថបទដែលជាប់ទាក់ទង