ព្រឹត្តិការណ៍ប្រណាំងទូកក្នុងខេត្តរតនគិរីចាប់ផ្ដើមដំណើរការហើយនៅថ្ងៃទី១៧ខែវិច្ឆិកាឆ្នាំ២០១៨ នេះ

រតនគិរី៖ ព្រឹត្តិការណ៍ជាប្រវត្តិសាស្រ្តលើកទី ១ សម្រាប់ខេត្តរតនគិរីចាប់ផ្ដើមដំណើរការហើយ នោះគឺការប្រណាំងទូកដើម្បីអបអរសាទរក្នុងព្រះរាជពិធីបុណ្យអុំទូកបណ្ដែតប្រទីបអកអំបុកនិងសំពះព្រះខែដែលនឹងឈានចូលមកដល់នាពេលដ៏ខ្លីខាងមុខនេះ។

សម្រាប់ខេត្តរតនគិរីរដ្ឋបាលខេត្តក៏បានរៀបចំឲ្យមានពិធីប្រណាំងទូកនៅបឹងកន្សែងដែលនឹងប្រព្រឹត្តិទៅរយៈពេលពីរថ្ងៃគឺចាប់ពីថ្ងៃទី ១៧-១៨ ខែ វិច្ឆិកា ឆ្នាំ ២០១៨ដោយនៅព្រឹកថ្ងៃទី ១៧នេះមានរៀបចំពិធីក្រុងពាលីសុំម្ចាស់ទឹកម្ចាស់ដីផ្ដល់នូវសេចក្តីសុខសប្បាយជូនដល់ពិធីប្រណាំងទូករយៈពេលពីរថ្ងៃនេះផងដែរ។

ពិធីក្រុងពាលីខាងលើនេះមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តមព្រឹទ្ធាចារ្យប៊ូ ថងទីប្រឹក្សាសម្ដេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា ឯកឧត្តមសើយ កែវ សមាជិកព្រឹទ្ធសភា ឯកឧត្តមមួង ប៉យ សមាជិកព្រឹទ្ធសភា ឯកឧត្តមណាប់ ប៊ុនហេង ប្រធានក្រុមប្រឹក្សាខេត្តឯកឧត្តម ថង សាវុន អភិបាលនៃគណៈអភិបាលខេត្តរតនគិរី ។​ព្រមទាំងថ្នាក់ដឹកនាំមន្ត្រីរាជការអង្គភាពជុំវិញខេត្តលោកគ្រូអ្នកគ្រូសិស្សានុសិស្ស និងបងប្អូនប្រជាពលរដ្ឋយ៉ាងច្រើនកុះករ ។​

មានប្រសាសន៍ជំរាបជូនមហាជនទូទៅដែលបាន អញ្ជើញ ចូលរួមក្នុងពិធីក្រុងពាលីខាងលើនេះថា យោងតាមសេចក្តីណែនាំរបស់គណៈកម្មាធិការរៀបចំបុណ្យជាតិ អន្តរជាតិ ​និងសេចក្តីណែនាំរបស់រាជរដ្ឋាភិបាលឆ្នាំនេះគ្រប់ព្រឹត្តិការណ័ទាំងអស់ត្រូវតែរៀបចំឲ្យមានទ្រុងទ្រាយធំធំនិងល្អប្រណីត ដើម្បីបង្ករលក្ខណៈសប្បាយជូនដល់សាធារណៈ ជន ក៏ដូចជាភ្ញៀវជាតិនិងអន្តរជាតិបានចូលរួមកម្សាន្តសប្បាយនិងស្គាល់ពីវប្បធម៌ប្រពៃណីរបស់ជាតិខ្មែរយើង។​

ឯកឧត្តមអភិបាលខេត្តបន្តថាឆ្នាំនេះគឺជាឆ្នាំទីមួយហើយដែលរដ្ឋបាលខេត្តសម្រេចរៀបចំពិធីប្រណាំងទូកខ្នាតតូចចំណុះ៦ទៅ៧នាក់ នៅបឹងកន្សែងនៅពេលនេះដើម្បីជាការវាស់ស្ទង់សម្រាប់ត្រៀមរៀបចំនៅឆ្នាំបន្តបន្ទាប់ខាងមុខទៀត។​ហើយការសម្រេចយកទីតាំងបឹងកន្សែងនេះគឺដើម្បីងាយស្រួលក្នុងការចាត់ចែងគ្រប់គ្រងក៏ដូចជាការបង្ហាញដល់ភ្ញៀវជាតិអន្តរជាតិបានឃើញនិងចូលរួមកម្សាន្តសប្បាយផងដែរសម្រាប់ឆ្នាំក្រោយរដ្ឋបាលខេត្តនិងរៀបចំឱ្យមានការប្រណាំងទូកខ្នាតធំដែលមានចំណុះកីឡាករច្រើនជាងនេះ។​

សូមបញ្ជាក់ថាពិធីប្រណាំងទូកលើបឹងកន្សែងដែលរៀបចំឡើងដោយរដ្ឋបាលសាលាខេត្តនឹងប្រព្រឹត្តទៅរយៈពេលពីរថ្ងៃគឺចាប់ពីថ្ងៃទី ១៧-១៨ ខែវិច្ឆិកាឆ្នាំ ២០១៨ ដោយមានទូកចូលរួមប្រណាំងចំនួន ១២ ទូក។​

អត្ថបទដែលជាប់ទាក់ទង