Facebook ​នឹង​ចាប់ផ្ដើម​លុប​បំបាត់​ ព័ត៌មានមិនពិត​​ចេញ ​ក្នុងពេល​ឆាប់ៗ​នេះ!

(បច្ចេកវិទ្យា)៖ លោក Mark Zuckerberg នាយកប្រតិបត្តិការ និង ជាស្ថាបនិកក្រុមហ៊ុន ហ្វេសប៊ុក បានប្រកាសថា ខ្លួនបានចាប់ផ្ដើមចេញនូវគម្រោង ដើម្បីលុបបំបាត់ព័ត៌មានមិនពិត ឬ រូបភាពមិនពិត ដែលធ្វើឲ្យមានការប៉ះពាល់ទៅលើអំពើហិង្សា។ ក្នុងសេចក្តីថ្លែងការណ៍មួយ ក្រុមហ៊ុនបានឲ្យដឹងថា «មានទម្រង់ព័ត៌មានមិនពិតជាច្រើន ដែលបានរួមចំណែកធ្វើឱ្យមានផលប៉ះពាល់ កើតមានអំពើហិង្សា ដល់រូបរាងកាយ ហើយយើងកំពុងធ្វើការផ្លាស់ប្តូរនូវច្បាប់កំណែទម្រង់ថ្មី ដែលនឹងធ្វើឱ្យមាននូវកំណែទម្រង់ប្រភេទថ្មី»។

ក្រុមហ៊ុនហ្វេសប៊ុក បានបន្ដទៀតថា «យើងនឹងចាប់ផ្តើមអនុវត្តច្បាប់កំណែទម្រង់ថ្មីខាងលើ ក្នុងពេលប៉ុន្មានខែខាងមុខនេះ» ។ ក្រោមទម្រង់ច្បាប់ថ្មី ហ្វេសប៊ុក នឹងចាប់ផ្ដើមត្រួតពិនិត្យទៅលើការបង្ហោះដែលមិនត្រឹមត្រូវ ឬមិនមែនជាការពិត ដែលត្រូវបានបង្កើត ឬចែករំលែក ក្នុងចេតនាបង្កឲ្យមានអំពើហឹង្សា ឬការប៉ះពាល់រាងកាយ។ ព័ត៌មាននេះនឹងត្រូវពិនិត្យឡើងវិញ ដោយមានការសហការជាមួយអង្គការក្នុងស្រុក រួមជាមួយនឹងភ្នាក់ងារស៊ើបអង្កេតដោយ Facebook បាននិយាយថា ស្ថិតនៅទីតាំងល្អបំផុតណាមួយ ដើម្បីវាយតម្លៃនៃការគំរាមកំហែងទាំងនេះ។ រាប់បញ្ចូល ទាំងរូបភាព ឬ អត្ថបទ ហ្វេសប៊ុកត្រូវបានអនុវត្តនូវគោលនយោបាយថ្មីនេះ។

ក្រុមហ៊ុនហ្វេសប៊ុក បាននិយាយថា មានដៃគូសហការជាច្រើន ត្រូវបានស្នើសុំឲ្យផ្ទៀងផ្ទាត់ថា ការបង្ហោះនៅក្នុងសំណួរមិនពិត អាចរួមចំណែកដល់អំពើហិង្សា ឬ គ្រោះថ្នាក់។ ក្រុមហ៊ុននេះបានឱ្យដឹងថាខ្លួននឹងពឹងផ្អែកលើរបាយការណ៍ពីដៃគូសារព័ត៌មាន និងបុគ្គលិកផ្សេងៗរបស់ខ្លួន។ នៅពេលដែល ហ្វេសប៊ុក បានផ្ទៀងផ្ទាត់របាយការណ៍រួចរាល់ វានឹងលុបព័ត៍មាន ឬក៏អាចលុបព័ត៌មានស្ទួនណាមួយដែលត្រូវបានបង្កើត។

ឧទាហរណ៍ កាលពីពេលថ្មីៗនេះអត្ថបទក្លែងបន្លំ ដែលបញ្ជាក់ថា ជនជាតិមូស្លីមនៅស្រីលង្កា ត្រូវបានពុលអាហារដែលផ្តល់ឱ្យពុទ្ធសាសនិក ត្រូវបានគេលុបចេញបន្ទាប់ពីការស៊ើបអង្កេតរួចរាល់ ។ ប្រទេសស្រីលង្កា បានបិទបណ្តាញហ្វេសប៊ុកជាបណ្តោះអាសន្ននៅឆ្នាំនេះ បន្ទាប់ពីការប្រើប្រាស់ពាក្យសម្ដីមិនសមរម្យបានរីករាលដាល ដែលជាហេតុបណ្តាលឱ្យមានអំពើហិង្សាជាសាធារណៈ៕

អត្ថបទដែលជាប់ទាក់ទង