ពលរដ្ឋភូមិកោះពាក្យ ឃុំកោះពាក្យ ស្រុកវើនសៃពុលសាច់ជ្រូកព្រៃ ខណៈដែលពួកគាត់បរិភោគចម្អិនមិនបានឆ្អិនល្អត្រឹមត្រូវ

ខេត្តរតនគិរី÷ មានករណីពលរដ្ឋពុលសាច់ជ្រូកព្រៃបណ្តាលឲ្យអ្នកនៅក្នុងភូមិក្មេងចាស់ប្រុសស្រី ប្រមាណជា៥៥នាក់ កើតជំងឺរាគរួស។ ករណីខាងលើនេះបានកើតឡើងកាលពីថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៩ កន្លងទៅ នៅភូមិកោះពាក្យ ឃុំកោះពាក្យ ស្រុកវើនសៃ ខេត្តរតនគិរី។

ភ្លាមៗ នោះបន្ទាប់ពីទទួលបានព័ត៌មានផ្ទុះជំងឺរាគរួសនៅភូមិសាស្រ្តខាងលើ ក្រុមគ្រូពេទ្យនៃមន្ទីរសុខាភិបាលខេត្តបានចុះសហការជាមួយក្រុមគ្រូពេទ្យមណ្ឌលសុខភាពឃុំចុះទៅដល់ទីតាំងខាងលើ ដើម្បីពិនិត្យនិងធ្វើការព្យាបាលជូនពួកគាត់នៅនឹងកន្លែងកើតហេតុតែម្តង។

បើតាមរបាយការណ៍ពីមន្ទីរសុខាភិបាលខេត្តបានបញ្ជាក់ថា មូលហេតុនៃការពុលសាច់ជ្រូកព្រៃគឺបណ្តាលមកពីពួគគាត់ ចម្អិនមិនបានល្អ រួមផ្សំនិងការខ្វះអនាម័យផងទើបបណ្តាលឲ្យអ្នកដែលទទួលទាន រាគរួសតែម្តង។

របាយការណ៍ខាងលើបន្តថា ក្នុងចំណោម៥៥នាក់នោះមាន កូនក្មេង រាគស្រួចស្រាវ២៣នាក់ រាគមួល ១នាក់។ មនុស្សចាស់រាគស្រួចស្រាវ១៨នាក់ រាគមួល៣នាក់។

របាយការណ៍បញ្ជាក់ទៀតថា ករណីប្រជាពលរដ្ឋរាគរួសនេះមិនមានសញ្ញាគ្រោះថ្នាក់ណាមួយកើតឡើងគួរឲ្យព្រួយបារម្មនោះឡើយ។

ពោលគឺក្រុមគ្រូពេទ្យប្រចាំការនៅទីនោះពិនិត្យតាមដានយ៉ាងយកចិត្តទុកដាក់បំផុត៕ដោយ សាវ័ន

អត្ថបទដែលជាប់ទាក់ទង