ស្នងការដ្ឋាននគរបាលខេត្តកំពតចាត់ទុកការកាត់តរូបភាពរបស់ ដួងចន្ទហៅយាយតយ ជាការប្រមា.ថធ្ងន់ធ្ងរ

ឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការដ្ឋាននគរបាលខេត្តកំពតបានចាត់ទុកករណីការកាត់តរូបភាពរបស់អ្នកនាង ដួងចន្ទ ហៅយាយតយ ទៅលើរូបភាព «សេះសមុទ្រ» បាញ់ទឹកនៅខេត្តកំពតជាការប្រមាថយ៉ាងធ្ងន់ធ្ងរចំពោះការខិតខំប្រឹងប្រែងរបស់អភិបាលខេត្ត។ ទោះយ៉ាងណារូបភាពដែលមានកាត់តដាក់រូបយាយតយជំនួស «សេះសមុទ្រ» ត្រូវបានលុបចេញពីបណ្តាញសង្គមហើយ។

នៅថ្ងៃទី១០ ខែមេសា នៅលើបណ្តាញសង្គមរបស់ ស្នងការដ្ឋាននគរបាលខេត្តកំពត ដែលកាន់កាប់ដោយឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ បានបង្ហោះរូបភាពថតចេញពីគណនី ដួងចន្ទយាយតយ ភ្ជាប់មកជាមួយខ្លឹមសារថា «ហេតុអ្វីប្រជាពលរដ្ឋយើងមួយចំនួនតូចមិនឱ្យ តំលៃចំពោះអ្វីដែលជាសមិទ្ធផលរបស់ប្រទេសខ្លួន។ នេះគឺជាការប្រមាថយ៉ាងធ្ងន់ធ្ងរចំពោះការខិតខំប្រឹងប្រែងរបស់ ឯកឧត្តម អភិបាលខេត្តកំពត»។ ការប្រើរូបភាពនេះឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ថាជាការប្រមាថដែលមិនអាចទទួលយកបាន។ ការបង្ហោះរបស់ ស្នងការដ្ឋាននគរបាលខេត្តកំពតខាងលើនេះមានមតិប្រជាពលរដ្ឋជាច្រើនជំរុញឱ្យស្នងការហៅយាយតយមកអប់រំព្រោះតែការលេងសើចនេះជ្រុលពេក។

យ៉ាងណាមិញ ក្រឡេកទៅកាន់បណ្តាញសង្គមរបស់ យាយតយ រូបភាពដែលបានកាត់តនោះបានលុបចេញពីគណនីហ្វេកប៊ុកហើយ។

គួរបញ្ជាក់ថា រូបសំណាក «សេះសមុទ្រ» បាញ់ទឹក នៅខេត្តកំពតដែលមានកម្ពស់ ៨ម៉ែត្រ នៅមុខសាលាខេត្តចាស់ បានបញ្ចេញសម្រស់យ៉ាងស្រស់ស្អាតនិងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះសមិទ្ធផលថ្មីនេះប្រចាំខេត្តកំពត។ សេះសមុទ្រ បានទាក់ទាញចំណាប់អារម្មណ៍ទេសចរជាច្រើន ហើយត្រៀមរួចរាល់រង់ចាំទទួលស្វាគមន៍ពលរដ្ឋមកគ្រប់តំបន់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខាងមុខនេះ៕

អត្ថបទដែលជាប់ទាក់ទង