ប្រជាពលរដ្ឋម្នាក់ កម្លាំងបរិស្ថានដែលការពារដែនជម្រកសត្វព្រៃភ្នំសំកុស ឃាត់ខ្លួន

ខេត្តបាត់ដំបង ៖ កាលពីរសៀលថ្ងៃទី០៣ មេសា ឆ្នំា២០២៤នេះ ប្រជាពលរដ្ឋម្នាក់ត្រូវកម្លាំងបរិស្ថានដែលការពារដែនជម្រកសត្វព្រៃភ្នំសំកុសឃាត់ខ្លួន ក្រោយពីរកឃើញជាក់ស្ដែងនូវទីតាំងដែលជននេះ បានកាប់រុករានព្រៃ រំលោភយកដីនៅតំបន់ភ្នំសំកុស ក្នុងដែនជម្រកសត្វព្រៃ ត្រង់ចំណុច «ភ្នំអូរបំពង់» ស្ថិតក្នុងភូមិសាស្ត្រ ភូមិភ្នំរៃ ឃុំតតោក ស្រុកសំឡូត ។

ពលរដ្ឋម្នាក់ ឈ្មោះយឿង សុភា ភេទប្រុស អាយុ៤២ឆ្នាំ រស់នៅភូមិពាម ឃុំតាតោក ស្រុកសំឡូត ។ ប្រភពដដែលបានឲ្យដឹងថា យឿង សុភា ត្រូវបានមន្ត្រីបរិស្ថាន ដែលការពារដែនជម្រកសត្វព្រៃតំបន់ភ្នំសំកុសឃាត់ខ្លួន ក្រោយពាក់ព័ន្ធនឹងការចូលលួចកាប់ទន្ទ្រានព្រៃយកដីធ្វើចំការនៅក្នុងតំបន់ដែនជម្រកសត្វព្រៃជួរភ្នំសំកុសដែលមានទំហំជាង១,៥៨ហិចតា ដែលជាតំបន់ហាមឃាត់ ។ គេពុំទាន់ទទូលបានចម្លើយពីពលរដ្ឋម្នាក់នេះទេថា តើគាត់បានចូលលួចកាប់ទន្ទ្រានព្រៃក្នុងតំបន់ហាមឃាត់ នេះ តាំងពីពេលណាមកនោះទេ0x017d7 ប៉ុន្តែបើតាមការពិនិត្យទិដ្ឋភាពជាក់ស្ដែងនៃស្លាកស្នាមលើទីតាំងដែលគាត់បានកាប់រុករាន គឺគេអាចសន្និដ្ឋានបានខ្លះៗថា ទំនងប្រហែលគាត់លួចកាប់ទន្ទ្រានយ៉ាងតិចក៏ពីរឆ្នាំកន្លងមកហើយដែរ ព្រោះព្រៃក៏អស់ ដីក៏ស្រឡះ ថែមទាំងមានដំណាំខ្លះៗផង ។

មន្ត្រីបរិស្ថានដែលចេញល្បាតនៅតំបន់ដែនជម្រកសត្វព្រៃភ្នំសំកុសបានប្រទះឃើញទីតាំងកាប់ទន្ទ្រានព្រៃខាងលើនេះ ហើយបានឃាត់ខ្លួនម្ចាស់ដីនេះមកសួរនាំភ្លាមៗតែម្ដង ។ ពេលនេះ គេកំពុងសួរនាំពលរដ្ឋម្នាក់នេះ ដើម្បីចាត់ការតាមនីតិវិធីហើយ ។ ដែនជម្រកសត្វព្រៃជួរភ្នំសំកុសដែលលាតសន្ធឹងយ៉ាងធំធេងមួយផ្នែកស្ថិតក្នុងទឹកដីស្រុកវាលវែង ខេត្តពោធិ៍សាត់ និងមួយផ្នែកស្ថិតក្នុងទឹកដី ស្រុកសំឡុត ដែលជាតំបន់ហាមឃាត់ និង គ្រប់គ្រងការពារដោយមន្ត្រីបរិស្ថាន ។

បច្ចុប្បន្ននេះ គេឃើញមានការទន្ទ្រានយកដីតាមចង្កេះភ្នំ និងនៅតាមតំបន់ទំនាបនានានៅក្នុងតំបន់ហាមឃាត់ ស្ទើរគ្រប់ទីកន្លែងដូចវាលរហោស្ថានទៅហើយ ។ បើតាមប្រភពពីប្រជាពលរដ្ឋក៏ដូចមន្ត្រីមូលដ្ឋានមួយចំនួនដែរបានបង្ហើបឲ្យដឹងថា អ្នកដែលហ៊ានចូលកាប់ទន្ទ្រានព្រៃយកដីនៅក្នុងដែនជម្រកសត្វព្រៃនៅស្រុកសំឡូត ភាពច្រើនជាមន្ត្រីមានអំណាច តែមានតិចទូចជាប្រជាពលរដ្ឋក្រីក្រ ។

បច្ចុប្បន្ន ដីព្រៃក្នុងដែនជម្រកសត្វព្រៃភ្នំសំកុស នៅតែមានអ្នកមានអំណាចឃុបឃិតលួចហែកចែកគ្នាដដែល និងយ៉ាងស្ងាត់ស្ងៀម ។ ជាពិសេស ដីព្រៃក្នុងដែនជម្រកសត្វព្រៃភ្នំសំកុស ដែលស្ថិតក្នុងឃុំតាតោក រហូតដល់ទឹកដីមួយចំនួន នៅឃុំកំពង់ល្ពៅ ក្នុងស្រុកសំឡូត ។ ការឃុបឃិតគ្នាលួចហែកដីព្រៃក្នុងតំបន់អភិរក្សចែកគ្នានេះ ភាគច្រើនត្រូវគេសម្គាល់ឃើញថា សុទ្ធសឹងជាមន្ត្រីមានអំណាច ។

ប៉ុន្តែនៅពេលមានបញ្ហា ដូចជាថ្នាក់ជាតិចុះសួរនាំ ឬសើរើរកមុខជនដែលលួចកាប់ទន្ទ្រានព្រៃនេះ បែរជាអាជ្ញាធរ ឬ អ្នកមានអំណាចទាំងនោះនាំគ្នាចោទ ឬរុញកំហុសនេះទម្លាក់ទៅលើពលរដ្ឋឲ្យទទូលខុសត្រូវ ដោយគេចោទថា ពលរដ្ឋជាអ្នករុករានទន្ទ្រានយកដីព្រៃរបស់រដ្ឋ។

នេះជារឿងពិត ដែលធ្លាប់កើតមានរួចទៅហើយ នាពេលកន្លងមកនៅក្នុងស្រុកសំឡូត ។ ហើយអាជ្ញាធរនិងសមត្ថកិច្ចស្រាវជ្រាវតាមឃាត់ខ្លួនតែពលរដ្ឋក្រីក្រ ដែលចូលកាប់ព្រៃនៅចុងកន្ទុយដីបន្តិចបន្ទូចរបស់អ្នកធំ ឬអ្នកមានអំណាចតែប៉ុណ្ណោះ តាមការចោទប្រកាន់របស់លោកអ្នកមានអំណាច ដែលមានក្បាលដីធំៗ៕

 

អត្ថបទដែលជាប់ទាក់ទង