ឃាត់ខ្លួនជនជាតិវៀតណាម ២៦នាក់ សម្ភារៈនិង គ្រឿងចក្រជាច្រើនគ្រឿង ចូលជីកយករ៉ែមាសនៅតំបន់កន្ទុយនាគ..

ខេត្តរតនគិរី ៖ សមត្ថកិច្ចបានឃាត់ខ្លួនជនអន្តោប្រវេសន៍ខុសច្បាប់ ជនជាតិវៀតណាមជាច្រើននាក់ ដែលលួចចូលមកជីក កកាយយករ៉ែមាសខុសច្បាប់ រួមទាំងសម្ភារៈ គ្រឿងចក្រជាច្រើនគ្រឿងទៀតនៅក្នុងតំបន់កន្ទុយនាគ។ យុទ្ធនាការបង្ក្រាបជនអន្តោប្រវេសន៍ជនជាតិវៀតណាមជីកយក រ៉ែមាសខុសច្បាប់នោះដឹកនាំដោយលោកម៉ា វិចិត្រ អភិបាលរងខេត្ដ សម្របសម្រួលនិតិវិធីដោយព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត បានធ្វើឡើងនៅថ្ងៃទី៧ខែមីនាឆ្នាំ២០២៤ដោយក្រុមការងារចម្រុះរួមមាន កម្លាំងប្រដាប់អាវុធទាំង៣ប្រភេទនិងមន្ត្រីឧទ្យានជាតិ មន្ត្រីរ៉ែនិងថាមពលខេត្ត មន្ត្រីខណ្ឌរដ្ឋបាលព្រៃឈើខេត្ត អភិបាលស្រុកតាវែងរួមនិងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត ដោយប្រើប្រាស់អស់ពេលចំនួន៤ថ្ងៃទើបធ្វើកិច្ចការនោះបានជោគជ័យ។

នៅថ្ងៃទី១០ខែមីនាឆ្នាំ២០២៤ ជនសង្ស័យទាំង២៦នាក់ត្រូវបានកម្លាំងចម្រុះបាននាំខ្លួនទៅអធិការដ្ឋាននគរបាលស្រុកអណ្ដូងមាស ដើម្បីសាកសួរនិងកសាងសំណុំរឿងបញ្ជូនខ្លួនរួមទាំងវត្ថុតាងទៅសាលាដំបូងខេត្ត។
ចំណែកឯគ្រឿងចក្រជាច្រើនគ្រឿងដែលបម្រើឲ្យជាមធ្យោបាយប្រព្រឹត្តបទល្មើសជីកយករ៉ែមាសខុសច្បាប់នោះ បានរក្សាទុកនៅនិងកន្លែង។

នៅរសៀលថ្ងៃទី១១ខែមីនាឆ្នាំ២០២៤ ក្រុមអ្នកយកព័ត៌មានយើងបានព្យាយាមសួរទៅមន្រ្តីពាក់ព័ន្ធមួយចំនួនទៀតដើម្បីជួយពន្យល់ពីករណីឃាត់ខ្លួនជនអន្តោប្រវេសន៍ជាជាតិវៀតណាមទាំង២៦នាក់នោះដែរ តែពុំមានមន្ត្រីណាបានឆ្លើយប្រាប់នោះទេគឺគ្រាន់តែបានបញ្ជាក់ថាកំពុងធ្វើការស្រាវជ្រាវបន្ត។

ពាក់ព័ន្ធក្នុងរឿងជនជាតិវៀតណាមចំនួន២៦នាក់នេះ ប្រជាពលរដ្ឋ រួមនិងមន្ត្រីស្អាតស្អំមួយចំនួនបានទទួចស្នើសុំឲ្យក្រសួងពាក់ព័ន្ធជាពិសេសក្រសួងបរិស្ថានមេត្តាបើកការស៊ើបអង្កេតឲ្យបានស៊ីជម្រៅផង ព្រោះថាជនអន្តោប្រវេសន៍ទាំងអស់នោះបើគ្មានការឃុបខិតគ្នានិងគ្មានការបើកដៃពីមន្រ្តី និង សមត្ថកិច្ច ពាក់ព័ន្ធនៅទីនោះទេ ពួកគេក៏មិនអាចហ៊ាននាំគ្រឿងចក្រជាច្រើនគ្រឿងចូលព្រៃឧទ្យានជាតិក្នុងតំបន់កន្ទុយនាគនិងធ្វើសកម្មភាពកាយយករ៉ែជាច្រើនថ្ងៃបានរលូនបែបនេះដែរ៕

អត្ថបទដែលជាប់ទាក់ទង