សម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតី ទេព វង្ស យាងសោយព្រះទិវង្គត ក្នុងព្រះជន្មាយុ៩៣ព្រះវស្សា

(ភ្នំពេញ)៖ សម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតី ទេព វង្ស យាងចូលព្រះទិវង្គត នៅវេលាម៉ោង ៥៖៤0នាទីល្ងាច ថ្ងៃច័ន្ទ ២រោច ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤ ក្នុងព្រះជន្មាយុ ៩៣ព្រះវស្សា ដោយព្រះជរាពាធ នៅមន្ទីរពេទ្យកាលម៉ែត្រ។

ព្រះសពរបស់ព្រះអង្គ បាននឹងកំពុងរៀបចំនៅវត្តវត្តឧណ្ណាលោម រាជធានីភ្នំពេញ។

ព្រះប្រវត្តិរូបសង្ខេបរបស់សម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតី ព្រះនាម ទេព វង្ស (គណៈមហានិកាយនៃកម្ពុជា)

បិតានាម៖ ទេព ឈិត
មាតានាម៖ ប៉ិច អាត់
ប្រសូត្រនៅថ្ងៃទី១២ ខែមករា ឆ្នាំវក គ.ស.១៩៣២
នៅឃុំជ្រាវ ស្រុកប្រាសាទបាគង ខេត្តសៀមរាប។

* ព្រះផ្នួសលើកទី១
នៅឆ្នាំរោង គ.ស.១៩៥២ ក្នុងសំណាក់ព្រះឧបជ្ឈាយ៍ព្រះនាម ហ៊ីង ម៉ៅ “ពុទ្ធសរ” ព្រះសមុហ៍ ព្រះចៅអធិការ វត្តរាជបូណ៌ ខេត្តសៀមរាប។

* ព្រះផ្នួសលើកទី២
នៅថ្ងៃ១៩ កញ្ញា ឆ្នាំ១៩៧៩ នៅវត្តឧណ្ណាលោម ក្រុងភ្នំពេញ ក្នុងសំណាក់ព្រះឧបជ្ឈាយ៍ ឋិតសីលោ និមន្តមកពីកម្ពុជាក្រោម។ នៅឆ្នាំ១៩៧៩ ដដែលបានឡើងនាទីជាព្រះវិន័យធរ ប្រធានសង្ឃ និងជាព្រះឧបជ្ឈាហ៍ទូទាំងប្រទេស បន្តពីព្រះគ្រូមហាថេរ ព្រះនាម កើត វ៉ាយ។

ព្រះវិន័យធរ ទេព វង្ស ទ្រង់ជាព្រះឧបជ្ឈាហ៍ធំជាងគេដែលបានបំបួសរាល់ព្រះថេរចាស់ៗដែលជាអតីតព្រះថេរសម័យមុន ដែលបានផ្សឹកក្នុងសម័យខ្មែរក្រហម ហើយ
រស់រានជីវិតក្រោយរបបខ្មែរក្រហម និងបានចូលមកបួសបំពេញឧបសម្បទាជាផ្លូវការឡើងវិញក្នុងសំណាក់ព្រះវិន័យធរ ទេព វង្ស នៅវត្តឧណ្ណាលោម នាឆ្នាំ១៩៧៩,
៨០, ៨១…។

* ព្រះគោរម្យ៍ងារ
_ព្រះវិន័យធ ជាព្រះឧបជ្ឈាយ៍នៃកម្ពុជា (១៩៧៩)
_ព្រះមហាសុមេធាធិបតី សង្ឃនាយក (១៩៩១)
_ សម្ដេចព្រះមហាសុមេធាធិបតី ព្រះសង្ឃរាជ គណៈមហានិកាយ (១៥.វិច្ចិការ.១៩៩១)
_សម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទេសបណ្ឌិត

* សម្ដេចព្រះមហាសង្ឃរាជ (២៩.មេសា.២០០៦-បច្ចុប្បន្ន) បច្ចុប្បន្នសម្ដេច មានព្រះជន្មាយុ៩៣ព្រះវស្សា ជរាពាធ៕

អត្ថបទដែលជាប់ទាក់ទង