ករណីអគ្គីភ័យឆាបឆេះរថយន្តមួយគ្រឿង រងការខូចខាតទាំងស្រុង តាមផ្លូវទៅអូរត្រេះ ក្នុងសង្កាត់លេខ៤ ក្រុងព្រះសីហនុ

ខេត្តព្រះសីហនុ៖ ហេតុការណ៍គ្រោះអគ្គិភ័យមួយបានកេីតឡេីងបណ្ដាលឱ្យរថយន្តម៉ាក Mercedes Benz ស៊េរីទំនើបមួយគ្រឿង ត្រូវអគ្គិភ័យលេបត្របាក់ទាំងស្រុង នៅក្រុងព្រះសីហនុ បង្កការភ្ញាក់ផ្អើលដល់កម្លាំងសមត្ថកិច្ចចម្រុះចុះជួយអន្តរាគមន៍បាញ់ពន្លត់ផងដែរ។

យោងតាមប្រភពព័ត៌មានពីសមត្ថកិច្ចមូលដ្ឋាន បានឱ្យដឹងថា នៅ ថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៤ មានករណីគ្រោះអគ្គិភ័យមួយឆាបឆេះរថយន្តស៊េរីទំនើបមួយគ្រឿង ម៉ាក (Mercedes Benz ) ផ្លាកលេខភ្នំពេញ 2.BN 5585 នៅលើផ្លូវស្ពានឆេះ ស្ថិតក្នុងភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ។

ភ្លាមៗកម្លាំងជំនាញ នៃការិយាល័យជំនួយមនុស្សធម៌ និងសង្គ្រោះគ្រោះមហន្តរាយ កងរាជអាវុធហត្ថខេត្ត និងមូលដ្ឋានកងរាជអាវុធហត្ថក្រុងព្រះសីហនុ ចំនួន ១៤នាក់ ដឹកនាំដោយ លេាកវរសេនីយ៍ឯក ឆេង វុទ្ធី នាយសេនាធិការ សហការជាមួយកម្លាំងផ្នែកពន្លត់អគ្គិភ័យនៃស្នងការនគរបាលខេត្ត ចុះជួយអន្តរាគមន៍បាញ់ទឹកពន្លត់ភ្លើង នៅទីតាំងកើតហេតុ។
ហេតុការណ៍អគ្គិភ័យនេះ ត្រូវបានសមត្ថកិច្ចជំនាញគ្រប់គ្រងទាំងស្រុង នៅវេលាម៉ោង១១:០០នាទី ថ្ងៃខែឆ្នាំដដែល។ គួរបញ្ជាក់ថា ក្នុងប្រតិបត្តិការសង្រ្គោះខាងលើ ប្រើប្រាស់ទឹកអស់ ចំនួន ០១ឡាន មូលហេតុបណ្តាលមកពីឆ្លងប្រព័ន្ធភ្លើងក្នុងរថយន្ត និងឆេះខូតខាតរថយន្តអស់ទាំងស្រុង តែមិនបង្កអោយមានមនុស្សគ្រោះថ្នាក់ ឬរងរបួសនោះឡើយ៕

អត្ថបទដែលជាប់ទាក់ទង