គ្រោះថ្នាក់ចរាចរណ៍ បុរសម្នាក់ បើករថយន្តបុកក្បាលនាគពុះចែកទ្រូងផ្លូវក្រឡាប់ផ្ងារជើង គាបអ្នកបើកបររបួសធ្ងន់

ភ្នំពេញ ៖ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបង្កឱ្យមានការភ្ញាក់ផ្អើលកាលពី យប់ថ្ងៃទី០២ ខែមករា ឆ្នាំ២០២៤ នៅតាមបណ្តោយផ្លូវព្រះមុនីវង្ស ខាងមុខស្ថានទូតវៀតណាម សង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ។

បុរសម្នាក់បានបើករថយន្តបោះពួយយ៉ាងលឿនហើយក៏រេចង្កូតទៅបុកក្បាលនាគពុះចែកទ្រូងផ្លូវបាក់មួយកង់ចំណែករថយន្តក្រឡាប់ផ្ងារជើងគាបជាប់អ្នកបើកបររងរបួសធ្ងន់ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ស្របពេលនោះក៏មានម៉ូតូហុងដាឌ្រីមជិះដោយបុរសម្នាក់បើកមកពីក្រោយចាប់ហ្រ្វ័ងមិនទាន់ក៏បុករថយន្តបន្ថែមបណ្តាលឱ្យរងរបួសម្នាក់ទៀត។

មុនពេលកើតហេតុគេឃើញបុរសម្នាក់បើករថយន្តម៉ាក hyundai starex របស់ក្រុមហ៊ុនថ្នាំបាញ់មូស STOP ពាក់ស្លាកលេខភ្នំពេញ 2BH-7206 ធ្វើដំណើរតាមបណ្តោយផ្លូវព្រះមុនីវង្សពីជើងមកត្បូងក្នុងល្បឿនលឿន ខណៈបើកមកដល់ចំណុចកើតហេតុមុខស្ថានទូតវៀតណាម ពុំដឹងថាមានបញ្ហាអ្វីនោះទេ ស្រាប់តែរេចង្កូតទៅឆ្វេងដៃជ្រុលទៅបុកក្បាលនាគពុះចែកទ្រូងផ្លូវពេញទំហឹងបណ្តាលឱ្យបាក់មួយកង់ ចំណែករថយន្តក្រឡាប់ផ្ងារជើងគាបជាប់អ្នកបើកបររងរបួសធ្ងន់ត្រូវបានពលរដ្ឋនិងសមត្ថកិច្ចជួយវាយបំបែកកញ្ចក់រថយន្តយកចេញមកខាងក្រៅ រួចដឹកទៅសង្រ្គោះភ្លាមៗផងដែរ។ ចំណែកឯបុរសម្នាក់ទៀតបានរងរបួសស្រាល បន្ទាប់ពីជិះម៉ូតូមកពីក្រោយរថយន្តចាប់ហ្រ្វ័ងមិនទាន់ ក៏ទៅបុករថយន្តបន្ថែម។

សមត្ថកិច្ចមូលដ្ឋានប៉ុស្តិ៍នគរបាលសង្កាត់បឹងត្របែក បានចុះទៅដល់ ហើយបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចរាចរណ៍ឱ្យចុះមកធ្វើកំណត់ហេតុយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជំនាញផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំឱ្យភាគីម្ចាស់រថយន្តចូលខ្លួនដោះស្រាយនៅពេលក្រោយ៕

អត្ថបទដែលជាប់ទាក់ទង