អ្នកចិញ្ចឹមជ្រូក អំពាវនាវដល់ពលរដ្ឋខ្មែរយើងឲ្យជួយគាំទ្រនិងទិញសាច់ជ្រូកក្នុងស្រុក

កណ្ដាល៖ពលរដ្ឋមួយចំនួននៅ ស្រុកខ្សាច់កណ្ដាល ដែលពីមុនមកតែងប្រកបការងារចិញ្ចឹមជ្រូកលក់ តកូនតចៅ ពេលនេះបានបោះបង់ការងារនេះចោលស្ទើទាំងស្រុងហើយ។ដោយខ្លះទៅចាប់មុខរបរថ្មី ខ្លះធ្វើការចំណាកស្រុក ក្រោមហេតុផលថាចិញ្ចឹមមិនចំណេញនិងខាតបង់ប្រាក់ច្រើន ព្រោះចំណីសម្រាប់ឲ្យជ្រូកស៊ីថ្លៃ ឯជ្រូករស់លក់បានថោក ដោយមានការនាំចូលពីប្រទេសជិតខាង។

លោក ហួង គង់ អាយុ៣៣ឆ្នាំមានទីលំនៅភូមិព្រៃចាស់ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្ដាលខេត្តកណ្ដាល បានលើកឡើងថា  ក្នុងនាមខ្ញុំជាអ្នកចិញ្ចឹមជ្រូកលក់ផង និងជាអាជីវករលក់សាច់ជ្រូកក្នុងផ្សារផង ខ្ញុំសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់មេត្តា ជួយគាំទ្រនិងជួយទិញសាច់ជ្រូកខ្មែរ។ បើទោះបីជាលក់តម្លៃថ្លៃជាងសាច់ជ្រូក បរទេសក៏ដោយ សូមកុំមានទស្សនៈថាអាណាថោកទិញ អានុងយើងគួតែ គិតពីប្រយោជន៍រួមនិងសុខភាពជាការសំខាន់ ជាជាងយកប្រាក់ទៅចាយនិងទិញសាច់ជ្រូកដែលនាំចូលពីប្រទេសជិតខាង ដើម្បីចូលរួមលើកស្ទួយជីវភាពពលរដ្ឋខ្មែរយើង។

ក្នុងនោះបើយើងទាំងអស់គ្នាគាំទ្រនិងទិញសាច់ជ្រូកខ្មែរក្នុងស្រុក គឺមានន័យថា បានចូលរួមនិងជួយឲ្យពលរដ្ឋខ្មែរយើងមានការងារធ្វើ ជាពិសេសជាងនេះទៅទៀត គឺដើម្បីសុខមាភាពរបស់យើងគ្រប់គ្នា។

លោកបន្ត សព្វថ្ងៃពលរដ្ឋខ្មែរយើងភាគច្រើនស្ទើតែបោះបង់មុខរបរចិញ្ចឹមជ្រូកលក់ទៅហើយ ដោយមូលហេតុថា ទិញចំណីជ្រូកថ្លៃមួយបាវដល់ទៅជាង១០០ ០០០រៀល លុះបានជ្រូកលក់តម្លៃតែ៥០០០រៀលប៉ុណ្ណោះក្នុង១គីឡូក្រាម។

ប្រភពដដែលបញ្ជាក់ថា មិនដូច ចាស់ៗ ពីដើមដែលចិញ្ចឹមជ្រូកដោយហាន់ដើមចេកឲ្យស៊ីលាយកន្ទក់ ឬបង្ហូរបាយស្រាយកកាកឲ្យជ្រូកស៊ីនោះទេ។ ហើយកាលណោះអ្នកខ្លះក៏បានទិញចំណីមកឲ្យជ្រូកស៊ីដែរ ក្នុងតម្លៃ១បាវតែ៤ ទៅ៦ម៉ឺនរៀល និងចិញ្ចឹមរយៈពេល ពី៤ទៅ៦ខែទើបជ្រូកគ្រប់គីឡូលក់។ ជាមួយគ្នានោះគេលក់បានតម្លៃជាមធ្យមចាប់ពី៨០០០រៀលទៅ១១០០០រៀលក្នុងមួយគីឡូក្រាម។
លុះដល់អំឡុងឆ្នាំ២០១៤មកដល់ឆ្នាំ២០១៨នេះតម្លៃជ្រូករស់ ចុះថោកដល់កម្រិត៥០០០រៀលក្នុង១គីឡូក្រាម
រីឯចំណីឡើងដល់១២០ ០០០រៀលក្នុង១បាវ ។ ហើយបើយើងចិញ្ចឹមទំរាំបានលក់គឺប្រើរយៈពេលចាប់ពី៣ខែកន្លះទៅ៥ខែ។

សម្រាប់អ្នកចិញ្ចឹមជ្រូក ដោយបង្ហូរស្រាយកកាកបាយឲ្យជ្រូកស៊ី នៅពេលបច្ចុប្បន្ននេះ ក៏ជួបបញ្ហាខ្លាំងដែរ ពីព្រោះ សព្វថ្ងៃនេះស្រា ស ស្រាថ្នាំ លក់មិនសូវដាច់ទេ ខណៈពលរដ្ឋខ្មែរយើងឥឡូវគេនិយមហូបតែស្រាបៀរ។

ហេតុផលទាំងនេះហើយបណ្ដាលឲ្យអ្នកចិញ្ចឹមជ្រូកក្នុងស្រុកខាតបង់ធ្ងន់ធ្ងរ ខ្លះចិញ្ចឹមប៉ះជម្ងឺ ផង គួបផ្សំនិងចំណីថ្លៃទៀតនោះធ្វើឲ្យខាតបង់ក្ស័យធន់ច្រើនគ្នា។
រហូតមានអ្នកខ្លះដែលចងការប្រាក់ពីធនាគារ យកមកធ្វើដើមទន់ចិញ្ចឹមជ្រូក ជួបការខាតបង់ ឡុងចុង ជំពាក់លុយធនាគារ គ្មានលទ្ធភាពសងរត់ចោលស្រុកក៏មាន និងខ្លះទៀតដូរមុខរបរថ្មី ឬធ្វើការចំណាកស្រុកជាដើម។

ប្រភពដដែលបានធ្វើការណែនាំពីប្រភេទខុសគ្នារវាងជ្រូកក្រុមហ៊ុន ជ្រូកដែលនាំចូលពីបរទេសនិងជ្រូកក្នុងស្រុកថា ជ្រូកខ្មែរយើងដែលស៊ីចំណីធម្មជាតិគឺមានខ្លាញ់ច្រើនសាច់ពណ៌ផ្កាឈូក។ រីឯសាច់ជ្រូកក្រុមហ៊ុន ខ្លាញ់តិចសាច់ពណ៌ក្រហម។ ចំពោះសាច់ជ្រូកដែលនាំចូលពី វៀតណាមឬប្រទេសថៃវិញ មានសាច់ពណ៌ក្រហមឌិតក្រមៅ សាច់ស្ទើតែកើលស្បែកគ្មានជាតិខ្លាញ់។

ហេតុនេះសូមបងប្អូនកត់ចំណាំនិងជួយគាំទ្រកសិផលនិងផលិតផលខ្មែរយើង៕ដោយ៖ចាន់ ថន

 

អត្ថបទដែលជាប់ទាក់ទង