រដ្ឋបាលខេត្តកំពង់ធំ រៀបចំពិធីក្រុងពាលី បួងសួងសុំសេចក្ដីសុខ សម្រាប់ការរៀបចំព្រឹត្តិការណ៍ «សង្ក្រាថ្មីសំបូរព្រៃគុក» ឆ្នាំ២០១៩

កំពង់ធំ ៖ ដើម្បីរួមចំណែកថែរក្សាវប្បធម៌ ទំនៀមទម្លាប់ ប្រពៃណីជាតិ និងអភិរក្សកេរ្តិ៍ដំណែលមរតខ្មែរ ជាក់ស្តែងប្រាសាទសំបូរព្រៃគុក បានក្លាយជាសម្បត្តិបេតិកភ័ណ្ឌពិភពលោក។ ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ ក្នុងនាមរដ្ឋបាលខេត្ត បានដឹកនាំមន្ត្រីរាជការជុំវិញខេត្ត រៀបចំពិធីក្រុងពាលីបួងសួងសុំសេចក្ដីសុខ សម្រាប់ការរៀបចំព្រឹត្តិការណ៍ «សង្ក្រាថ្មីសំបូរព្រៃគុក» ឆ្នាំ២០១៩ រសៀលថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៩ នៅរម្យណីយដ្ឋានប្រវត្តិសាស្ត្រប្រាសាទសំបូរព្រៃគុក ។ វត្តមានក្នុងកម្មវិធីនេះ គេសង្កេតឃើញមានការអញ្ជើញចូលរួម ពីឯកឧត្តម ឈុន ឈន់ ប្រធានក្រុមប្រឹក្សា ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត សហភាពសហព័ន្ធយុវជន មន្ត្រីរាជការជុំវិញខេត្ត និងប្រជាពលរដ្ឋ ជាច្រើននាក់ ។

ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ដែលបានចូលរួមទាំងនៅក្នុងតំបន់ប្រាសាទសំបូរព្រៃគុក និងនៅតាមរមណីយដ្ឋានផ្សេងៗ សូមមេត្តារក្សានូវបរិស្ថាន ជាពិសេសកាកសំណល់ ដែលបានហូបរួចហើយ ត្រូវទុកដាក់ឲ្យបានល្អនៅក្នុងធុងសម្រាម និងធ្វើឲ្យមានអនាម័យល្អប្រសើរ ហើយគ្មានអ្នកណាអាចជួយយើងបានក្រៅពីខ្លួនយើងនោះទេ។

ឯកឧត្តមក៏បានបន្តទៀតថា សូមឲ្យប្រជាពលរដ្ឋទាំងអស់ត្រូវចូលរួមថែរក្សានូវសុខសន្តិភាព ដែលរកបានដោយកម្រក្រោមការដឹកនាំរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។ ជាមួយគ្នានេះដែរ ឯកឧត្តមក៏បានលើកឡើង អំពីការលក់ដូររបស់បងប្អូនប្រជាពលរដ្ឋ ត្រូវធ្វើយ៉ាងណា លក់ដូរឲ្យមានតម្លៃសមរម្យ ដើម្បីឲ្យបងប្អូនមានការទទួលទាន ហើយចង់មកកម្សាន្តហើយ ចង់មកកម្សាន្តទៀត។

ចុងក្រោយ ឯកឧត្តមក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ត្រូវចៀសឆ្ងាយពីគ្រឿងញៀន និងបើកបរដោយប្រុងប្រយ័ត្នដោយគោរពសិទ្ធិគ្នាទៅវិញទៅមក ចៀសវាងការគ្រោះថ្នាក់ដោយប្រការណាមួយ។

គួរបញ្ជក់ថា សម្រាប់ការរៀបចំព្រឹត្តិការណ៍ «សង្ក្រានថ្មីសំបូរព្រៃគុក» នឹងប្រព្រឹត្តទៅនៅថ្ងៃទី ១៤-១៥-១៦ ខែមេសា ខាងមុខនេះ នៅរមណីយដ្ឋានប្រវត្តិសាស្ត្រ ប្រាសាទសំបូរព្រៃគុក ស្ថិតក្នុង ឃុំសំបូរ ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ។ ព្រឹត្តិការណ៍សង្ក្រានថ្មីសំបូរព្រៃគុកនេះ ប្រារព្ធឡើងជាលើកទី ៥ហើយ (២០១៥-២០១៩) ក្នុងគោលបំណងផ្ដល់ឱកាសឲ្យយុវជន, ភ្ញៀវជាតិ-អន្តរជាតិ, និងសាធារណៈជនខ្មែរទូទៅ ជាពិសេសប្រជាពលរដ្ឋនៅក្នុងខេត្តកំពង់ធំ បានចូលរួមអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ក្នុងនាមជាមហាគ្រួសារខ្មែរតែមួយ ក្រោមស្មារតីសុខដុមរម្យនា សប្បាយរីយរាយ និងដើម្បីផ្ដល់ឱកាសឲ្យយុវជនខ្មែរជំនាន់ក្រោយ បានស្វែងយល់នូវភាពរុងរឿង នៃព្រះរាជាណាចក្រកម្ពុជា តាំងពីសម័យចេនឡា ម្យ៉ាងវិញទៀត ដើម្បីលើកតម្កើងនូវអរិយធម៌ វប្បធម៌ ទំនៀមទម្លាប់ ជំនឿ សាសនា និងប្រពៃណី ដ៏ផូរផង់ និងបន្តពង្រីកនូវកិត្យានុភាព នៅលើឆាកអន្តរជាតិ ដែលបានដាក់បញ្ចូលជសម្បត្តិ បេតិកភ័ណពិភពលោក កាលពីឆ្នាំ២០១៧កន្លងទៅ៕

អត្ថបទដែលជាប់ទាក់ទង