ដំណឹងល្អ! គ្រូពេទ្យ២រូប រកឃើញវិធីសាស្ត្រថ្មី ព្យាបាលជំងឺមហារីកហើយ

សុខភាព៖ សាស្ត្រចារ្យ Aliison ជនជាតិអាមេរិក និងសាស្ត្រាចារ្យ Honjo ជនជាតិជប៉ុន ដែលជាអ្នកវិទ្យាសាស្ត្រស្រាវជ្រាវខាងផ្នែកវេជ្ជសាស្ត្រ បានឈ្នះពានរង្វាន់ Nobel Prize កាលពីថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៨នេះ សម្រាប់ស្នាដៃរបកគំហើញនៃវិធីសាស្ត្រក្នុងការព្យាបាលជំងឺមហារីក។

ជាការពិត ជំងឺមហារីកជាជំងឺមួយដ៏កាចសាហាវដែលបានសម្លាប់មនុស្សរាប់លាននាក់ទូទាំងពិភពលោក។ កោសិកាមហារីកដែលធ្វើការលូតលាស់មិនចេះឈប់ និង ខុសប្រក្រតីអាចមានលក្ខណៈមេកានិចពិសេសគេចផុតពីកោសិកាឈាមសនៃប្រព័ន្ធភាពស៊ាំ។ កោសិកាមិនល្អនេះអាចរាលដាលទៅគ្រប់ទីកន្លែងនៃរាងកាយយើងតាមរយៈចរន្តឈាម ហើយអាចបង្កការវិវឌ្ឍន៍នៃកោសិកាមហារីកចំពោះសរីរាង្គដទៃទៀត។

ហេតុដូចនេះបានជាក្រុមអ្នកស្រាវជ្រាវបានសិក្សាយ៉ាងស្វិតស្វាញរាល់ខែរាល់ឆ្នាំ ដើម្បីបង្កើតថ្នាំព្យាបាលជំងឺមហារីកដ៏កាចសាហាវនេះ។ មកដល់ត្រឹមដើមឆ្នាំ ២០១៨ ភាគច្រើននៃការព្យាបាលជំងឺមហារីក ត្រូវបានគេប្រើប្រាស់កាំរស្មីឡាសែបាញ់កំទេចកោសិកា ឬក៏ធ្វើការវះកាត់យកដុំសាច់ចេញ និងប្រើប្រាស់ថ្នាំគីមីចាក់បញ្ចូលក្នុងចរន្តឈាម ដើម្បីឲ្យវាទៅកំទេចកោសិកាមហារីក។

បើទោះបីជាយ៉ាងណាក៏ដោយ វីធីសាស្ត្រទាំងនេះ ហាក់បីដូចជាពុំសូវជាមានប្រសិទ្ធភាពខ្លាំងនៅឡើយទេ ហើយ អាចមានផលប៉ះពាល់ធ្ងន់ធ្ងរជាច្រើនផ្សេងទៀតចំពោះរាងកាយ។ដូច្នេះទើបរបកគំហើញថ្មីមួយនឹងផ្តល់ជាមូលដ្ឋានគ្រឹះដ៏សំខាន់ខ្លាំងដល់ការយល់ដឹងអំពីធម្មជាតិនៃជំងឺមហារីក និងដើម្បីស្វែងរកដំណោះស្រាយមួយឲ្យកាន់តែប្រសើរ និងមានប្រសិទ្ធភាព។

សាស្ត្រាចារ្យដែលបានរៀបរាប់ពីកថាខណ្ឌខាងលើបានរកឃើញប្រូតេអ៊ីនពិសេសម៉្យាងដែលជាដើមហេតុធ្វើឲ្យប្រព័ន្ធភាពស៊ាំរាងកាយយើងបាត់បង់ភាពសកម្មក្នុងការស្វែងរកកោសិកាមហារីក។ នៅពេលបាត់បង់ភាពសកម្ម ក៏គ្មានការស្វែងរកនិងកំទេចកោសិកាមហារីកទៀតដែរ ដែលជាហេតុធ្វើឲ្យកោសិកាមហារីកអាចលូតលាស់មិនចេះឈប់។ ប្រូតេអ៊ីននេះហើយជាមេក្លោងដែលបានបង្អាក់តួនាទីកោសិកាឈាមសក្នុងការបំពេញតួនាទីប្រឆាំងនឹងកោសិកាមហារីក។

នៅពេលយើងបានដឹងពីដើមទងវាដូច្នេះ យើងអាចគ្រាន់តែបញ្ឈប់ឥទ្ធិពលអវិជ្ជមានរបស់ប្រូតេអ៊ីនពិសេសមួយនេះទៅ យើងនឹងអាចធ្វើឲ្យកោសិកាឈាមស (T cell) បង្កើនចំនួន ដើម្បីធ្វើការសម្លាប់កោសិកាមហារីកបានយ៉ាងសកម្មខ្លាំងជាមុន។

 

នេះជារបកគំហើញមួយយ៉ាងសំខាន់ខ្លាំងបំផុត មិនត្រឹមសម្រាប់អនាគតនៃវិស័យសុខាភិបាលទេ ជាពិសេសអាយុជីវិតរបស់មនុស្សទូទាំងពិភពលោក៕

អត្ថបទដែលជាប់ទាក់ទង